Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក

បានផុស

នៅ

ជុំវិញ​ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា ដូចមុន​ពេល​មាន​ជម្លោះ​ព្រំដែន លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្មបាន​មាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះដល់ពលរដ្ឋ​ ជា​ពិសេស​ការ​បង្វែរ​ទិស​ទំនិញ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​​ ទៅ​កាន់​ទីផ្សារផ្សេង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​គេ​ត្រូវ​ការ​។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា នេះ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ទីផ្សារ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​ទទួល​ទិញ​ទំនិញ​សម្រាប់​ប្រើប្រាស់​ដូច​គ្នា​ដែរ​ ដូច្នេះ​ជាជាង​នាំ​ចេញ​យក​ទៅ​លក់​ឱ្យ​ថៃ ​កម្ពុជា​ក៏​អាច​ជំនួស​ការ​ទិញ​ទំនិញ​ក្នុងស្រុក​សម្រាប់​ការ​ប្រើប្រាស់​ដូចគ្នា​ដែរ​។ ក្នុង​នោះ​ទំនិញ​ដែល​ល្អ អាច​ទទួល​​ទិញ​ដោយ​ប្រទេស​ចិន និង​វៀតណាម​ ក្រសួង​នឹង​ព្យាយាម​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​ស្រប​តាម​ប្រសាសន៍​សម្ដេច​តេជោ​ក្នុង​ការ​ខិត​ខំ​រក​ទីផ្សារ​នៅ​ក្រៅ​ស្រុក​បន្ថែម​ទៀត។

ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើប្រាស់​រូបភាព​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជា​មួយ​ប្រទេស​ផ្សេង​ទៀត ក្រៅ​តែ​ពី​ប្រទេស​ថៃ​ ពី​ព្រោះ​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង ក៏​មាន​ទំនាក់​ទំនង​ទ្វេភាគី​ដែរ ជា​ពិសេស​នៅ​ទីផ្សារ​នៅ​ក្នុង​អាស៊ាន​នេះ​ ដោយ​យើង​មាន​ទីផ្សារ​ធំ​មួយ​ដែល​ហៅ​ថា ASEAN Market ហើយ​ទីផ្សារ​នេះ​ក៏​ធ្លាប់​ស្រូប​ទាញ​ទំនិញ​ពី​កម្ពុជា​ដែរ​។

លោក​ ប៉ែន សុវិជាតិ បាន​អះអាង​ថា៖ «ការ​បញ្ជា​ទំនិញ​ទៅ​តាម​ទីផ្សារ​នានា​​ និង​ការ​បង្វែរ​ទិស​ទំនិញពី​ទីផ្សារ​ប្រទេស​ថៃ​ដែល​ធ្លាប់​នាំ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ក៏​មិន​មែន​ជា​គឺ​មិន​មែន​ជា​ការ​លំបាក​អ្វី​ទេ​ ហើយ​ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ចម្លែក​ដែរ​សម្រាប់​ក្រសួង ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្លាប់​ធ្វើ​ការ​ងារ​នេះ​ម្តង​រួច​មក​ហើយ ក្រសួង​នឹង​ប្រឹងប្រែង​បន្ត​ទៀត​នៅ​ក្នុង​ការ​បញ្ជ្រាប​កសិករ​ផល​ទាំង​អស់​នោះ​យក​ទៅ​លក់​ឱ្យ​ទីផ្សារ​ផ្សេង​ទៀត​ដែល​គេ​ត្រូវ​ការ​»។

ស្រប​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ព្រំដែន​លើការ​នាំ​ចូល​បន្លែ ផ្លែឈើ ពី​ប្រទេស​ថៃ​ លោក​ ប៉ែន​ សុវិជាតិ ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​​នឹង​ស្មារតី​ស្នេហាជាតិ​ខ្ពស់​ដោយ​​មិន​ដំឡើង​ថ្លៃ​ទំនិញ ស្រប​ពេល​វេលា​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​ជា​មួយ​ថៃ​ និង​ត្រៀម​ខ្លួន​​ងាក​ទៅ​រក​ទីផ្សារ​ផ្សេង​ នេះ​ដូច​គ្នា​ដែរ​។

«​ក្រសួង​ពាណិជ្ជកម្ម ​ក៏​បាន​ត្រៀម​ផង​ដែរ ជាពិសេសកសិករ​ផល​មួយ​ចំនួន​ដែល​ត្រូវ​ការ​ប្រើប្រាស់​ចាំ​បាច់ និង​ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ក្រសួង​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ចុះ​អន្តរាគមន៍​ និងចាត់​ជា​មន្ត្រី​ជំនាញ​ធ្វើ​ការ​តាម​ដាន​តម្លៃ​ទំនិញ​ជា​ប្រចាំ​ទៅ​លើ​ប្រភេទ​ទំនិញ​ ១៩៩​មុខ ជាប់​ជា​ប្រចាំ​រាល់​ថ្ងៃ។ ប្រសិន​ជា​មាន​ទំនិញ​ណា​ឡើង​ថ្លៃ​ ក្រសួង​និង​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ក្រសួង​មិន​ត្រឹម​តែ​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ជីវសាស្ត្រ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​អាច​នឹង​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ដើម។» លោក ប៉ែន សុវិជាតិ បន្ថែមយ៉ាងដូច្នេះ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា កន្លងមកថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដូច្នេះសម្តេចតេជោមានប្រតិកម្មជារឿងដែលសមស្រប ព្រោះជាការពិតប្រសិនបើកម្ពុជានាំចូលទៅមិនបាន កម្ពុជាក៏មិនអាចឱ្យគេនាំចូលមកវិញដូចគ្នាដែរ ប៉ុន្តែតាមប្រសាសន៍សម្តេចតេជោ គឺគ្រាន់តែការបិទទៅលើការនាំចូលប្រភេទបន្លែ និងផ្លែឈើ មិនមែនលើមុខទំនិញគ្រប់មុខ និងបិទច្រកព្រំដែនតែម្តងនោះទេ។

ដូច្នេះ ចំពោះការបិទនេះ អ្នកឧកញ៉ា លឹម ហេង មើលឃើញថា មិនមានការខ្វះខាតអ្វីនោះទេ ព្រោះសព្វថ្ងៃបន្លែ ផ្លែឈើ កម្ពុជាក៏មានសមត្ថភាពផលិតនៅក្នុងស្រុកបានមួយចំនួនផងដែរ ដែលជាការលើកស្ទួយការហូបចុក និងការផលិតរបស់ខ្មែរនៅក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

មួយវិញទៀត ប្រសិនមានការខ្វះខាត កម្ពុជាក៏នៅមានការនាំចូលបន្លែ និងផ្លែឈើ ពីវៀតណាម និងចិន ដូច្នេះមិនមានការប៉ះពាល់អ្វីធំនោះ តែវាអាចបង្កើននៃការផលិតក្នុងស្រុក ឬអាចមានការឡើងថ្លៃតិចតួច។ មួយវិញទៀត នេះក៏ជាភាពប្រកួតប្រជែងក្នុងការពង្រឹងខ្លួនឯងនៅក្នុងការផលិតនូវផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញបើទោះបីជាមិនមានការនាំចូលពីថៃ។

អ្នកឧកញ៉ា បានបន្តថា កន្លងមក ចេកអំបូងលឿង ស្រូវ-អង្ករ ដំឡូងមុី ស្វាយចន្ទីរ ពោត មួយចំនួន គឺកម្ពុជា ឈានដល់ការផលិត និងចេញ ដែល​ប្រទេសជិតខាងមិនអាចនាំចូលមកបាន នេះហើយដែលកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពង្រឹងខ្លួនឯង។

សូម​ជម្រាប​ថា ក្រោយ​មាន​ការ​ប៉ះទង្កិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ កន្លង​ទៅ​ដោយភាគី​ថៃ​បាន​បាញ់​ចូល​លេណដ្ឋាន​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​មក បាន​ធ្វើ​ឱ្យ​វិវាទ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​កម្តៅ ដែល​ឈាន​ដល់​ភាគី​ថៃ​បាន​បិទ​ច្រក​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ជាឯកតោភាគី​ផង​ដែរ​។

ឆ្លើយ​តប​ការ​ធ្វើ​ឡើង​របស់​ភាគី​ថៃ​ អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ចាប់ពីស្អែក​នេះ​តទៅ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា បើសិនជាថៃ​មិនព្រមបើក​ច្រកព្រំដែន​ឱ្យ​ដំណើរការ​ធម្មតា​វិញ ដូចមុន​ពេល​មាន​ជម្លោះ​​ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម