Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ​មក​ពី​ប្រទេស​ថៃ​សប្បាយចិត្ត​ ដែល​រដ្ឋាភិបាល​ផ្តល់ឱកាសការងារ និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ

បានផុស

នៅ

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលសំចតប៉ោយប៉ែត ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលបានគិតគូរផ្តល់ឱកាសការងារ និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស​និងវិជ្ជាជីវៈដល់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែល​រដ្ឋាភិបាល​បាន​ជួយ​គិត​គូរ​ផ្តល់​ទាំង​ឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។

លោកស្រីនិយាយថា «ខ្ញុំចង់ធ្វើការងារអ្វី ខាងក្រសួងការងាររកឱ្យ ចង់រៀនគេបញ្ចុះតម្លៃឱ្យ ពិតជាល្អណាស់ ខ្ញុំសប្បាយចិត្តត្រេកអរ​ពន់​ពេក​ដែលរដ្ឋាភិបាល​បានជួយគិតគូរ​ផ្តល់ទាំង​ឱកាសការងារ ផ្តល់ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និង​បានជួយ​សម្រួលនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរទៀតផង ហើយ​ទាំងអស់​នេះ​គឺ​ល្អរកលេខដាក់មិនបានទេ ល្អដែលខំជួយប្រជាជន ជួយស្វះស្វែងជួយប្រជាជនល្អខ្លាំងណាស់»។

ជា​មួយ​គ្នា​នេះ កញ្ញា តាំង ស្រីនាង ជាពលករ​មកពីប្រទេសថៃម្នាក់ទៀត មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប្រាប់ថា «មកដល់ភ្លាមក្រសួងការងារបានប្រាប់ពីឱកាសការងារជាច្រើន និងមានកាបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃថែមទៀត សម្រាប់ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ការ​បន្ត​ព្រោះដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសប្បាយចិត្តដែលបានមកធ្វើការក្នុងប្រទេសរបស់ខ្លួន ហើយការងារក្នុងស្រុកគឺនៅក្បែរផ្ទះងាយស្រួលសម្រាប់ខ្ញុំ​ផង​ដែរ»។

បន្ថែមលើនេះ កញ្ញា​បាន​អរគុណដល់រដ្ឋាភិបាល ដែលបានជួយដល់បងប្អូនពលករខ្មែរនៅថៃ ដែលវិលត្រឡប់មកស្រុកកំណើតវិញទទួលបានការងារធ្វើ និងអាចជួយផ្គត់ផ្គង់គ្រួសារបាន។

ពលករដែលមកពីប្រទេសថៃ បានអំពាវនាវដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលធ្វើការនិងរស់នៅប្រទេសថៃ ទាំង​អស់​កុំ​មាន​ការ​ភិតភ័យសូមត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះ​ប្រទេស​កម្ពុជា​មាន​ការងារ​ជាច្រើនកំពុងរងចាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម