Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រាប់ពលរដ្ឋដែលជម្លៀសពីព្រំដែនមកតំបន់សុវត្ថិភាព ជឿជាក់លើរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ប្រាប់ពលរដ្ឋដែលជម្លៀសពីព្រំដែនមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ឱ្យជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដោយអះអាងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមជ្ឈមណ្ឌលដ៏រឹងមាំនៃសាមគ្គីភាព ឯកភាពជាតិប្រឆាំងនឹងជនបរទេសឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់កម្លាំងចិត្តនេះ ធ្វើឡើងនាឱកាសបន្ទាប់ពីលោករដ្ឋមន្រ្តី បញ្ចប់បេសកកកម្មចុះសួរសុខទុក្ខ និងនាំអំណោយ ថវិកា ថ្នាំពេទ្យ ព្រមទាំងសម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដោយក្តីនឹករលឹក។

លោកបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយទេពកោសល្យក្នុងដឹកនាំប្រទេស។ ជាក់ស្តែងនៅក្នុងដំណាក់កាលនេះជាមួយនឹងការដឹកនាំដ៏ម៉ឹងម៉ាត់ បានទប់ស្កាត់មិនឱ្យបរទេសឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបានសូម្បីតែមួយមីលីម៉ែត្រជាដាច់​ខាត។

លោកថ្លែងថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រោះកម្ពុជា ក៏មិននៅឈរស្ងៀមឱ្យបរទេសណាមួយមកឈ្លានពានរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនជាដាច់ខាត។
លោកបានគូសបញ្ជាក់ថា៖ «នៅកម្ពុជាយើងអាចរួមជាកម្លាំងជាតិ ការសាមគ្គីភាព ក្រោមដំបូលនៃមជ្ឈមណ្ឌលសាមគ្គីភាពដ៏ធំតែមួយរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាមជ្ឈមណ្ឌលធំនៃសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំប្រឆាំងជាមួយជនបរទេសឈ្លានពាន»។

លោកបន្ថែមទៀតថា៖«ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម សូមកុំមានការព្រួយបារម្ភឱ្យសោះ ហើយការមកស្នាក់នៅទីតាំងនេះជាផ្តល់នូវទំនុកចិត្តពេញលេញដល់កងកម្លាំងនៅជួរមុខ ពីព្រោះពួកគាត់មានទំនុកចិត្តថាប្រពន្ធកូន ក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន គឺមានសុវត្ថិភាព ធ្វើឱ្យពួកគាត់បានអារម្មណ៍រឹងមាំដើម្បីឈរជើងត្រៀមប្រយុទ្ធ តតាំងជាមួយសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជា»។

ទន្ទឹមនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបទៅដល់ប្រជាពលរដ្ឋថា កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានការគាំទ្រពីសមមាជរដ្ឋសភាព្រឹទ្ធសភា គឺបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តីជាមួយភាគីថៃ។

នៅក្នុងឱកាសនេះ លោក នេត្រ ភក្ត្រា បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយសម្រួល និងរៀបចំកន្លែងស្នាក់នៅ ក៏ដូចជារៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាបន្ទប់អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ។

លើសពីនេះលោក នេត្រ ភក្រ្តា ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះសូមរក្សាអនាម័យ សុខភាព ដើម្បីការពារពីជំងឺផ្សេងៗ ព្រមទាំងអំណោយមួយចំនួនសម្រាប់ចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម