ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ ដើម្បីឱ្យគ្រូបច្ចេកទេសមាន គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល
លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឱ្យអនុវត្តតាមស្តង់ដារវិជ្ជាជីវៈដែលមានសមាសភាគសំខាន់ៗ ចំនួន ៤ ដើម្បីឱ្យគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ថ្លែងក្នុងពិធីប្រកាសបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី ៣ ស្តីពី“វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មិថុនា លោក ប៉ុក ប៉ាន់ បានបន្តថា សមាសភាគសំខាន់ៗ ចំនួន ៤ រួមមាន ៖ ១.ចំណេះដឹងវិជ្ជាជីវៈដែលផ្តោតទៅលើចំណេះដឹងអំពីសិស្ស , ចំណេះដឹងអំពីខ្លឹមសារមេរៀន និងចំណេះដឹងអំពីរបៀបរៀនរបស់សិស្ស។ ២.ការប្រតិបត្តិវិជ្ជាជីវៈត្រូវធ្វើផែនការ និងការពិនិត្យតាមដាន វាយតម្លៃលទ្ធផលសិក្សាសិស្ស , ការគ្រប់គ្រងបរិស្ថានសិក្សា និងវិធីបង្រៀន។ ៣.ការសិក្សាវិជ្ជាជីវៈត្រូវស្វ័យសិក្សា និងការចូលរួមកែលម្អការបង្រៀន និង៤.សីលធម៌វិជ្ជាជីវៈត្រូវបង្ហាញពីការយកចិត្តទុកដាក់ និងថែរក្សាសិស្ស ហើយជានិច្ចកាលធ្វើការដើម្បីប្រយោជន៍សិស្ស និងសង្គម , បង្ហាញពីការប្ដេជ្ញាចិត្ត និងចូលរួមចំណែកក្នុងវិជ្ជាជីវៈគ្រូបង្រៀនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ , បង្ហាញអាកប្បកិរិយាវិជ្ជមានជាគំរូប្រកបដោយសីលធម៌ និងមានទំនាក់ទំនងដោយសុខដុមជាមួយសិស្ស និងសហគមន៍ , ប្រើប្រាស់ភាពយុត្តិធម៌ និងតម្លាភាព ក្នុងការប្រព្រឹត្តជាមួយសិស្ស សហសេវិក និងសមាជិកផ្សេងៗ របស់សហគមន៍។

លោកបានបន្តថា ការប្រតិបត្តិតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន អាចលើកស្ទួយការបង្រៀន និងរៀនរបស់គ្រូបង្រៀន សម្រាប់ជួយសម្រួលការសិក្សារបស់សិស្សឱ្យទទួលបានលទ្ធផលសិក្សាដែលមានកម្រិតសមស្របអាចទទួលយកបានបើប្រៀបធៀបទៅនឹងស្តង់ដារកម្មវិធីសិក្សា។ កែលំអការបង្រៀន និងរៀន , ផ្តល់ចក្ខុវិស័យសម្រាប់បណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន , កែលំអកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន , រៀបចំផែនការអភិវឌ្ឍន៍សាលារៀន , ធ្វើឱ្យគ្រូបង្រៀនមានលទ្ធភាព និងមានឱកាសជាច្រើនក្នុងការស្វែងរកសេវាការងារធ្វើទាំងក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន , បង្កើនសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនឱ្យប្រហាក់ប្រហែលប្រទេសក្នុងតំបន់ , និងផ្តល់ជាមូលដ្ឋានគ្រឹះដើម្បីដំឡើងឋានន្តរសក្តិ។

លោក ប៉ុក ប៉ាន់ បានណែនាំដល់គ្រូបច្ចេកទេស ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូបង្រៀនដូចជា ការគោរពពេលវេលា សម្លៀកបំពាក់សមរម្យ អាកប្បកិរិយាសមរម្យ យុត្តិធម៌ មិនលំអៀង វិធីសាស្ត្រល្អក្នុងការបង្រៀន ចំណេះដឹង និងបទពិសោធទូលំទូលាយ មនសិការក្នុងការងារ មិនប្រព្រឹត្តអំពើអបាយមុខ និងជាគំរូល្អចំពោះមហាជន។ លើសពីនេះ គ្រូបណ្ដុះបណ្ដាល ក៏ត្រូវមានតួនាទីមួយចំនួន ដូចជា អ្នកច្នៃបង្កើតថ្មី , អ្នកផ្តល់ប្រឹក្សា , អ្នកសហគ្រិនភាព , អ្នកលើកទឹកចិត្ត , អ្នកផ្តល់ពន្លឺនិង កាតាលីករ។ ក្រៅពីនេះ គ្រូបច្ចេកទេស ក៏ត្រូវបុរេសកម្ម និងកសាងសមត្ថភាពជាប្រចាំ ទាំងចំណេះដឹង និងបទពិសោធជាក់ស្តែងជាមួយវិស័យឧស្សាហកម្ម ក៏ដូចជាការលូតលាស់ នៃបច្ចេកវិទ្យាថ្មីៗ ក្នុងសកលលោកផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ប៉ុក ប៉ាន់ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ បន្តរួមសហការជាមួយអគ្គនាយកដ្ឋាន TVET , វិស័យឯកជន យកចិត្តទុកដាក់ចំពោះបេសកកម្មបណ្តុះបណ្តាល ១,៥ លាននាក់ ពិសេសវិន័យការគ្រប់គ្រងថ្នាក់សិក្សា គ្រូបច្ចេកទេស តាមដាន និងវាយតម្លៃគុណភាពសិក្សាវគ្គវិក្រឹតការនេះ ជំរុញបង្កើនសមត្ថភាពគ្រូបច្ចេកទេស កសាង និងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្ដុះបណ្ដាល។
ទន្ទឹមនឹងនេះ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញកូនចៅ ឬយុវជន ឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតលំនៅឋានដែលខ្លួនកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ ពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តជួយគាំទ្រ ដោយពង្រឹងភាពជាដៃគូ រវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាព នៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងផ្ដល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការមុននឹងឈានចូលទីផ្សារការងារ និងចូលរួមផ្ដល់ក្នុងការកែលម្អកម្មវិធីបណ្ដុះបណ្ដាលរបស់គ្រឹះស្ថាន ឱ្យឆ្លើយតបនឹងទីផ្សារការងារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត