Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក​ ​គ្រោងមក​ទស្សនកិច្ច​នៅកម្ពុជា មានប្រវត្តិជីវិតបែបណាខ្លះ?

បានផុស

នៅ

លោក Pete Hegseth ដែលជារដ្ឋមន្ត្រីការពារជាតិអាមេរិកបច្ចុប្បន្ន ​គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​​នៅ​ចុងឆ្នាំ​នេះដោយ​​នៅក្នុងនោះ ក៏​នឹងធ្វើដំណើរ​ទៅកាន់​​មូល​ដ្ឋាន​​​ទ័ព​ជើងទឹករាមនៅខេត្តព្រះសីហនុ​ផងដែរ។ ​​ការ​​ប្រកាសដំណឹង​នេះ ​​​​បាន​ធ្វើ​ឲ្យ​លោក ក្លាយ​ជា​ឥស្សរជន​​​​យោធា​ជាន់​ខ្ពស់​​ដំបូ​ងដែលគ្រោង​​មក​ទស្សនកិច្ច​នៅកម្ពុជា​ ក្រោម​រដ្ឋបាល​របស់​​ប្រធានាធិបតី ដូណាល់ ត្រាំ ។

​ជាមួយ​ដំណឹង​បែបនេះ ក៏​ជំរុញ​ឲ្យ​មាន​ការ​ចង់ដឹង​អំពី​ប្រវត្តិ​របស់​​​រដ្ឋមន្ត្រី​ការពារជាតិអាមេរិករូបនេ។ ​លោកគឺ​ឥស្សរជនដ៏ល្បីដែលបានចេញពីការធ្វើជាទាហាន និងជាពិធីករទូរទស្សន៍ រហូតដល់ក្លាយជាអ្នកដឹកនាំយោធាសហរដ្ឋអាមេរិកនៅ​ក្រសួងការពារជាតិអាមេរិក ដែលគេ​និយមហៅថា «មន្ទីរ​បញ្ចកោណ»​។

តើលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកបច្ចុប្បន្នមានប្រវត្តិជីវិតបែបណាខ្លះ?

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ១៩៨០ នៅទីក្រុង Minneapolis រដ្ឋ Minnesota លោក Pete Hegseth បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Princeton ជាមួយនឹងសញ្ញាប័ត្រផ្នែកនយោបាយ ហើយក្រោយមកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពីសកលវិទ្យាល័យ Harvard ។

តាំងពីក្មេងមកលោក Hegseth មានអារម្មណ៍ស្រឡាញ់ខ្លាំងចំពោះប្រទេសជាតិ ដែលនាំឱ្យលោកចូលបម្រើកងទ័ពជាតិនៅឆ្នាំ ២០០៣។ លោកបានបម្រើការជាកងទ័ពជាតិនៅជាច្រើនកន្លែងដូចជាប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និង​ឈូង​សមុទ្រ Guantanamo ហើយត្រូវបានផ្តល់កិត្តិយសដោយមេដាយសំរឹទ្ធថ្នាក់​ផ្កាយពីរ និងផ្លាកសញ្ញាពិសេសសម្រាប់ការប្រយុទ្ធនៅជួរមុខទៀតផង។

បន្ទាប់ពីបានបញ្ចប់ការបម្រើយោធារលោក Pete Hegseth បានចាប់ផ្តើមការនិយាយលើការគាំទ្រដល់អតីតយុទ្ធជនយ៉ាងខ្លាំង។ លោកបានជួយដឹកនាំក្រុមដូចជា Vets for Freedom និង Concerned Veterans for America ដែល​ធ្វើការដើម្បីគាំទ្រអតីតទាហាន និងមានឥទ្ធិពលលើគោលនយោបាយរបស់រដ្ឋាភិបាល។ លោកក៏បានចាប់ផ្តើមធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយក្រោយមកបានក្លាយជាសហពិធីករក្នុងកម្មវិធីទូរទស្សន៍ Fox & Friends Weekend ។ នៅពេលនោះលោកបានក្លាយជាមនុស្សល្បីល្បាញទូទាំងប្រទេសចំពោះការគាំទ្រយ៉ាងខ្លាំងដល់អតីតប្រធានាធិបតី ដូណាល់ ត្រាំ និងគំនិតផ្ដួចផ្ដើម «America First» របស់លោកត្រាំ។

លោក Pete Hegseth ត្រូវបានគេស្គាល់ថាជា អ្នកនិយាយប្រឆាំងនឹងភាពត្រឹមត្រូវផ្នែកនយោបាយ និងកម្មវិធីចម្រុះនៅក្នុងយោធាជាយូរមកហើយ។ លោកបានសរសេរសៀវភៅដូចជា In the Arena និង The War on Warriors ជាសៀវភៅដែលលោកនិយាយថាអ្វីខ្លះជាភាពត្រឹមត្រូវផ្នែកនយោបាយ និងកម្មវិធី DEI កំពុងធ្វើឱ្យយោធាអាមេរិកចុះខ្សោយ។

លោក Pete Hegseth ក្នុងឯកសណ្ឋាន (រូបភាព៖ Fox News)

នៅខែវិច្ឆិកា ឆ្នាំ ២០២៤ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានជ្រើសរើសលោក Hegseth ឱ្យធ្វើជារដ្ឋមន្ត្រីការពារជាតិ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើលោកតាមរយៈការបោះឆ្នោតដែលប្រកៀក​គ្នាណាស់​ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​៥០​រូប​គាំទ្រ​និង​៥០​នាក់​ប្រឆាំង។ យ៉ាងណា លោកអនុប្រធាន JD Vance ត្រូវ​ចូល​ទៅ​បោះ​ឆ្នោត​សម្រេចធ្វើឲ្យ លោក Hegseth ជាប់ក្នុងការបោះឆ្នោត។

មនុស្សជាច្រើនបានជជែកវែកញែកពីការតែងតាំងរបស់លោក ដោយសារតែលោកមិនដែលដឹកនាំមន្ទីរបញ្ចកោណពីមុនមក ហើយបានបញ្ចេញមតិដ៏ចម្រូងចម្រាសមួយចំនួននាពេលកន្លងមក។ ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់លោកបាននិយាយថា លោកមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដ និងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីតម្លៃយោធា។

ចាប់តាំងពីចាប់ផ្តើមការងារនៅខែមករាឆ្នាំ ២០២៥ លោក Hegseth បានផ្តោតលើការនាំយកមកវិញនូវ «ស្មារតីអ្នកចម្បាំង» ដល់យោធា។ លោកបានកាត់បន្ថយច្បាប់ដែលមិនចាំបាច់ បញ្ឈប់កម្មវិធីចម្រុះផ្សេងៗ ដូចជាDEI ជាដើមហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំសម្រាប់ការប្រយុទ្ធពិតប្រាកដ។

រូបភាពបង្ហាញពីលោកធ្វើជាទាហានិងជាពីធីករ ទូរទស្សន៍ (រូបភាព៖ Getty)

លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងខែមិថុនា ឆ្នាំ ២០២៥បន្ទាប់ពីបានដឹកនាំការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាជោគជ័យដ៏ធំមួយ។ ដំណើរជីវិតរបស់លោក ពីទាហានទៅជាពិធីករទូរទស្សន៍ហើយក្លាយទៅជារដ្ឋមន្ត្រីការពារជាតិ គឺមិនធម្មតាទេ ហើយបានធ្វើឱ្យលោកក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមន្ទីរបញ្ចកោណដែលត្រូវបានគេនិយាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

ចំពោះជីវិតផ្ទាល់ខ្លួនលោក Hegseth បានរៀបការបីដង ហើយឥឡូវនេះលោកបានរៀបការជាមួយលោកស្រី Jennifer Rauchet ដែលជាផលិតករនៅ Fox Nation និងមានកូន៧នាក់ ដោយ៣នាក់ជាកូនរបស់លោកHegsethជាមួយភរិយាមុន និង ៣​នាក់ជាកូនរបស់Rauchet ជាមួយស្វាមីមុន និងកូនស្រីម្នាក់ជាកូនរបស់ពួកគេទាំងពីរ។ លោក គឺជាគ្រិស្តសាសនិកហើយជារឿយៗលោកនិយាយអំពីតម្លៃគ្រួសារ និងប្រពៃណី។ ពេលទំនេរ លោកចូលចិត្តបរបាញ់ នេសាទ និងគាំទ្រក្រុមដែលជួយអតីតយុទ្ធជន៕

លោក Hegseth និងភរិយា Jennifer Rauchet រួមទាំងកូនទាំង៧នាក់ (រូបភាព៖ Instagram)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម