Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះលុបបំបាត់ដេប៉ូសំរាម ២ ទីតាំង នៅសង្កាត់ចោមចៅទី ៣ ដើម្បីធានាបរិស្ថានស្អាត និងសុខភាពសាធារណៈ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​លុបបំបាត់​ដេប៉ូ​សំរាម​ខុសច្បាប់​ចំនួន ២ ទីតាំង ស្ថិត​នៅ​ផ្លូវ​តា​កន​មហាវិថី​ឈ្នះ​ឈ្នះ (​ជិត​ស្ថានីយ​ប្រេង PTT) មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី ៣។ សកម្មភាព​នេះ មាន​គោលបំណង​ចម្បង​ក្នុង​ការ​ជួយ​ឱ្យ​សោភណភាព​ទីក្រុង បង្កើន​អនាម័យ​បរិស្ថាន និង​ការពារ​សុខភាព​សាធារណៈ និង​ជំងឺ​ផ្សេងៗ ដែល​កើតឡើង​ចេញពី​សំណល់​សំរាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​ការងារ​បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ដោយ​ទទួល​បាន​ការ​ណែនាំ និង​យកចិត្តទុកដាក់​ពី លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​ឱ្យ​រូបលោក ដឹកនាំ​ក្រុមការងារ សហការ​ជាមួយ​ក្រុមហ៊ុន Mizuda យក​រថយន្ត ដើម្បី​ធ្វើការ​ដឹក​សំរាម​ចេញពី​តំបន់។ បន្ថែម​នោះ លោក​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ឱ្យ​មាន​ការ​យល់ដឹង និង​កុំ​ឱ្យ​ប្រើ​ទីតាំង​សាធារណៈ​ជា​កន្លែង​ចាក់សំរាម​ខុសច្បាប់។ ក្នុង​នោះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​បរិស្ថាន សម្រាប់​ទីក្រុង​ស្អាត និង​លំនៅឋាន​ស្អាត​ទាំងអស់​គ្នា។

លោក​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កត់​ធ្ងន់​ថា នេះ​ជា​កំហុស​របស់ ក្រុមហ៊ុន Mizuda។ បញ្ហា​ការ​ប្រមូល​សំរាម​នេះ លោក​ធ្លាប់​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ Mizuda ដែល​ទទួល​បន្ទុក​ប្រមូល ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ក្រុមហ៊ុន​បាន​ឆ្លើយ​ដូចនេះ «ទីតាំង​សំរាម​ខាងលើ​មិនមែន​បន្ទុក​របស់​ក្រុមហ៊ុន​ទេ» ដោយ​មានន័យថា សំរាម​នោះ​គ្មាន​ប្រភព​ច្បាស់លាស់។ ទើប​នៅ​ព្រឹក​នេះ លោក បាន​ដឹកនាំ​ក្រុមការងារ និង​ហៅ​ក្រុមហ៊ុន​ចុះ​ប្រមូល​ចេញ​ឱ្យ​អស់​តែម្ដង និង​ឈប់​ឱ្យ​មាន​ការ​ចោល​សំរាម​នៅ​ទីតាំង​នេះ​បន្ត​ទៀត បើ​ជន​ណា​ល្មើស ហើយ​កម្លាំង​ចាប់​បាន នឹង​មាន​វិធានការ​ផាក​វិន័យ។

ដោយឡែក លោក ម៉ែន សោភា តំណាង​ក្រុមហ៊ុន Mizuda បាន​លើក​ឡើង​ថា ដោយ​កំណើន​ប្រជាពលរដ្ឋ​ច្រើន សំរាម​ក៏​កើន​ឡើង​ច្រើន តែ​ទោះជា​យ៉ាងណា​ក្រុមហ៊ុន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ការ​ដឹកជញ្ជូន​សំរាម​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ចំណែក​ឯ​សំរាម​នេះ មិនមែន​បន្ទុក​របស់​ក្រុមហ៊ុន​ត្រូវ​ប្រមូល​នោះ​ទេ។ ក្រុមហ៊ុន ប្រមូល​តែ​សំរាម​ដែល​ជា​កាកសំណល់​ផ្ទះបាយ​តែ​ប៉ុណ្ណោះ តែ​សំរាម​នេះ​ជាក់ស្ដែង​ជា​កាកសំណល់​រោងចក្រ សហគ្រាស ជាពិសេស​អ្នក​លក់ដូរ​ចល័ត។

លោក ងួន ស៊ីផេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង និង ផ្តល់​សេវា នៃ​សហគ្រាស​គ្រប់គ្រង​កាក​សំណល់​រឹង ទីប្រជុំជន រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចោល​សំរាម​នៅ​តាម​ទី​សាធារណៈ ក៏​មាន​ការ​ផាក​ពិន័យ និង​អប់រំ​ខ្លះ​ដែរ ដើម្បី​ឱ្យ​ពួកគាត់​យល់ដឹង​ពី​ការ​វេច​ខ្ចប់​ទុក​ដាក់​សំរាម នេះ​យោងទៅតាម​អនុក្រឹត្យ លេខ ១១៣ ចេញ​ដោយ​រាជរដ្ឋាភិបាល ស្ដីពី​ការ​គ្រប់គ្រង​កាកសំណល់​រឹង​នៅ​ទីប្រជុំជន។ តែ​ទោះ​ជា​យ៉ាងណា នាយកដ្ឋាន ក៏បាន​ព្យាយាម​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ច្រើន ជៀស​វាង​ការ​ផាក​ពិន័យ ទោះបី​មាន​អនុក្រឹត្យ​ចេញ​ដោយ​រាជរដ្ឋាភិបាល​ក៏ដោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម