Connect with us

សេដ្ឋកិច្ច

មន្ត្រីច្រានចោលការលើកឡើងថា តម្លៃត្រីនឹងកើនឡើង ក្រោយថៃបិទព្រំដែន

បានផុស

នៅ

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការលើកឡើងថា តម្លៃត្រីនឹងកើនឡើង បន្ទាប់ពីក្រសួងកសិកម្មរឹតបន្តឹងការនាំចូលត្រី និងថៃបិទព្រំដែនជាមួយកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាលពីថ្ងៃទី ២៤ ខែមិថុនា អង្គប្រជុំបាន​សម្រេចថា ផលវារីវប្បកម្មណា ដែលកសិករផលិតបានសូមឱ្យអ្នក​​ផ្គត់ផ្គង់ដែលជាអ្នកនាំចូល ជួយទិញត្រីពីវារីវប្បករក្នុងស្រុកជាមុនសិន មុននឹងស្នើសុំនាំចូលបន្ថែម ហើយនៅពេលដែលខ្វះទើបឱ្យនាំចូល ខណៈត្រីដែលនឹងនាំចូលមក គឺ​ជា​ប្រភេទត្រីដែលមិនមានចិញ្ចឹមក្នុងស្រុក។

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការសម្រេចរបស់ក្រសួងកសិកម្មក្នុងការ​​​រឹតបន្តឹងទៅលើកូតានាំចូលត្រី នៅចំពេលដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជា ធ្វើឱ្យតម្លៃត្រីនៅលើទីផ្សារឡើងថ្លៃ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផលនៅថ្ងៃទី ០១ ខែកក្កដា បានច្រានចោលការលើកឡើងបែបនេះ និងអះអាងថា រដ្ឋាភិបាលមានគោលដៅលើកស្ទួយវារីវប្បកម្មក្នុងស្រុក នៅចំពេលដែលវារីវប្បកម្មក៏អាចចិញ្ចឹមត្រីបាន និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់។

លោក ពុំ សុថា បន្ថែមថា៖ «ការបារម្ភថាត្រីឡើងថ្លៃនោះ ដូចគ្មានទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ អត់មានត្រីឡើងថ្លៃទេ ទោះត្រីនាំចូលឡើង ១០០ ឬ២០០ ឬ ៥០០ ក្នុងមួយគីឡូក្រាម ក៏ត្រីនៅលើទីផ្សារនៅតម្លៃដដែល ត្រីចុះ ១០០ ឬ ២០០ ឬ ៥០០ ក្នុងមួយគីឡូក្រាម ក៏ត្រីនៅទីផ្សារតម្លៃដដែល»។

បើតាមលោក ពុំ សុថា៖ «ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានសិក្សាយកចិត្តទុកដាក់ គិតគូខ្លាំងណាស់ចំពោះតម្លៃផលិត​ផលកសិកម្មនៅលើទីផ្សារ អត់មានហេតុផលអីត្រីឡើងថ្លៃកើត យើងមិនឱ្យទិញត្រីដែលយើងមានទេ ហើយអ្វីដែលខ្វះអនុញ្ញាតឱ្យនាំចូលមក»។

លោក សុខ រ៉ាដែន សមាជិកក្រុមប្រឹក្សាភិបាលនៃវារីវប្បករកម្ពុជា គាំទ្រការសម្រេចរបស់ក្រសួងកសិកម្ម​ក្នុងការកំណត់កូតាច្បាស់លាស់ក្នុងការរឹតបន្តឹងលើការនាំចូលត្រី។ លោកថា៖ «ក្រសួងធ្វើហ្នឹងត្រូវហើយ មានកូតាច្បាស់លាស់ រឹតបន្តឹង ចំពោះរបស់​ណាដែលយើងមិនមាន យើងអត់ថាអីទេ យើងចិញ្ចឹមអត់បាន គាត់នាំចូលចុះ យើងមិនថាអីទេនាំចូលពីប្រទេសណាក៏ដោយ ប៉ុន្តែឱ្យមានគុណភាព សុវត្ថិភាព»។

លោក សុខ រ៉ាដែន បញ្ជាក់បន្ថែមថា រដ្ឋាភិបាល មុននឹងឱ្យក្រុមហ៊ុនណាមួយនាំចូល អ្នកនាំចូលគឺតម្រូវឱ្យមានលិខិតបញ្ជាក់ពីកសិដ្ឋានចិញ្ចឹមត្រី ដោយត្រូវមានមន្ទីរពិសោធន៍បញ្ជាក់ពី គុណភាព និងសុវត្ថិភាព មុនពេលចែកចាយនៅកម្ពុជា។

លោក សុខ រ៉ាដែន បន្ថែមថា៖ «តម្រូវឱ្យមានមន្ទីរពិសោធន៍ គឺគេពិសោធន៍ថា ត្រីដែលយើងនាំចូលមក គឺជាត្រីមានសុវត្ថិភាព លក់ចែកចាយក្នុងស្រុក ត្រីមិនប្រើសារធាតុផ្ដេសផ្ដាស មិនប្រើសារធាតុអកម៉ូនជំរុញឱ្យធំលឿន មិនប្រើអង់​ទីប្យូទិក ដែលគេហាម ធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទទួលទានធ្ងន់ធ្ងរ»។ លោកបន្ថែមថា បច្ចុប្បន្នតម្លៃត្រីប្រា នៅទាបនៅឡើយ ដែលមានតម្លៃ ៤០០០ រៀល ក្នុងមួយគីឡូក្រាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០១ ខែកក្កដា នេះថា៖« មានផលិតផលច្រើនណាស់ ដែលយើងអាចតភ្ជាប់រវាងអ្នកផលិតក្នុងស្រុក ជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុក ជាជាងយករបស់នាំចូលមកនេះ គឺជាការពិត នៅពេលនេះយើងធ្វើបាន យើងក៏អាចធ្វើរយៈពេលវែងដែរ សូមឱ្យក្រសួងពាក់ពាក់ព័ន្ធធ្វើម៉េចភ្ជាប់ជាមួយប្រព័ន្ធទីផ្សារបោះដុំ លក់រាយ អ្នកនាំចូលបោះដុំមកពីក្រៅប្រទេស បង្វែរមកបោះដុំមកក្នុងស្រុកទៅ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការនាំចូល ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក បង្កើតការងារ និងធានាចំណូលដល់ប្រជាពលរដ្ឋ និងវិស័យឯកជន មិនថាចំណីអាហារ ជាវិស័យកសិកម្ម»។

ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាមួយនឹងការរួមចំណែក ២០%ក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព ទាំង​ទឹកសាប និងសមុទ្រ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងបង្កើនការនាំចេញ។ នៅឆ្នាំ២០២៤ ផលវារីវប្បកម្មកម្ពុជាសម្រេចបានចំនួន ៣២ម៉ឺនតោន កើនឡើង ២% ធៀបនឹងឆ្នាំ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម