Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសដកកងទ័ពចេញពីអ៊ីរ៉ាក់ ក្រោយ​ឈរ​ជើងអស់​ជាង ២០ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីឈរ​ជើង​អស់រយៈពេល ២៣ឆ្នាំ​ សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការបញ្ចប់បេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់ នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ។ នេះ​បើតាម​សារព័ត៌មាន India Today ចុះផ្សាយ​ថ្ងៃពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦។

លោក Ali al-Zaidi និង​លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមានកាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាមេរិក។

នាយករដ្ឋមន្ត្រី Ali al-Zaidi ក៏បានបញ្ជាក់ពីកាលបរិច្ឆេទនៃការដកទ័ពនេះផងដែរ ដោយលោកបានគូសបញ្ជាក់ថា ទោះបីជាកងកម្លាំងយោធាអាមេរិកនឹងត្រូវចាកចេញ ប៉ុន្តែក្រុមហ៊ុនអាមេរិកនឹងនៅតែបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ដដែល។ ក្រសួងការពារជាតិអាមេរិក បានបន្ថែមថា ការដកខ្លួននេះ គឺជាការអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០២៤ ដើម្បីបញ្ចប់បេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម IS ដោយបច្ចុប្បន្នចំនួនកងទ័ពអាមេរិកនៅសល់តិចតួចបំផុត ក្នុងតួនាទីជាទីប្រឹក្សា។

គួរបញ្ជាក់ថា វត្តមានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ នៅពេលដែលអាមេរិកដឹកនាំការ​ផ្តួលរំលំរបបលោក Saddam Hussein។ ក្រោយមកក្នុងឆ្នាំ២០១៤ កងទ័ពអាមេរិក បានវិលត្រឡប់មកអ៊ីរ៉ាក់វិញ តាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងបាកដាដ ដើម្បីជួយហ្វឹកហាត់ និងប្រយុទ្ធប្រឆាំងនឹងក្រុម IS ដែលបានដណ្តើមគ្រប់គ្រងទឹកដីមួយចំនួនធំ។ ការដកកងទ័ពនៅដំណាច់ខែកញ្ញាខាងមុខ នឹងក្លាយជាការបញ្ចប់ជាផ្លូវការនៃជំពូកប្រវត្តិសាស្ត្រយោធាដ៏យូរអង្វែងមួយ ដែលឆ្លងកាត់ទាំងការប្រយុទ្ធ ការហ្វឹកហាត់ និងប្រតិបត្តិការប្រឆាំងភេរវកម្មអស់រយៈពេលជាងពីរទសវត្សរ៍៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម