សុខភាព
ឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជា មានជំងឺគ្រុនឈាមជាង ៧ ពាន់ករណី ស្លាប់ ១៥ នាក់ ថយចុះជាងឆ្នាំមុន
នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៥ នេះ កម្ពុជា មានជំងឺគ្រុនឈាមជាង ៧ ០០០ ករណី ក្នុងនោះ ស្លាប់ ១៥ នាក់ ថយចុះជាងឆ្នាំមុន ដែលមានអ្នកស្លាប់រហូតដល់ទៅ ២៣ នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៨ កក្កដា នេះថា ឆមាសទី ១ ឆ្នាំ ២០២៥ នេះ មានជំងឺគ្រុនឈាមប្រមាណជា ៧ ០០០ ករណី បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ គឺមានចំនួនប្រហាក់ប្រហែលគ្នា តែឆ្នាំ ២០២៥ មានករណីស្លាប់តិចជាងឆ្នាំ ២០២៤ មានត្រឹមស្លាប់ ១៥ នាក់ គឺ ថយ ៣៥% ខណៈ ៦ ខែ ឆ្នាំ ២០២៤ មាន ២៣ នាក់ ឯណោះ។

លោកវេជ្ជបណ្ឌិត បានបន្តថា ឆ្នាំ ២០២៥ នេះ ជាឆ្នាំ នៃវដ្ដជំងឺគ្រុនឈាមរៀងរាល់ ៥-៦ ឆ្នាំ ម្តង ដែលទាមទារឱ្យមានការចូលរួមអនុវត្តរាល់វិធានការបង្ការការពារជំងឺគ្រុនឈាមឱ្យបានសកម្ម ពិសេសសូមចូលរួមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ជាដើម និងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹត និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា កុមារដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមកពីមាតាបិតា ឬអាណាព្យាបាល បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា