Connect with us

នយោបាយ

រដ្ឋសភាទទួលយកសេចក្ដីស្នើវិសោធនកម្ម​រដ្ឋធម្មនុញ្ញមាត្រា៣៣ ទៅប្រជុំពេញអង្គនៅថ្ងៃទី១១

បានផុស

នៅ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​ទទួល​យក​ និងអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ ថ្ងៃទី​១១ ខែ​កក្កដា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសោធនកម្មមាត្រា៣៣ នៃ​រដ្ឋធម្មនុញ្ញមាន​គោលដៅបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។

តាម​ការ​ឱ្យ​ដឹង​ពី​សភាជាតិសំណើនេះ​ធ្វើ​ឡើង​ពី​តំណាងរាស្រ្តទាំង​អស់​ក្នុង​សភាជាតិដែល​មាន​ចំនួន​១២៥​រូប រួម​ទាំង​នាយករដ្ឋមន្ត្រី​ផងដែរ ដោយ​អះអាង​ថាការ​ធ្វើវិសោធនកម្មនេះ​ គឺ​ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។

សភាជាតិ​បញ្ជាក់​ថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ 

ប្រទេសដែល មានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម