ព័ត៌មានជាតិ
កម្ពុជា-អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា
កម្ពុជា និងសហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែលភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជានាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោកស្រី Bridgette L. Walker ភារៈធារីស្តីទីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ នៅក្នុងស្ថានភាពនេះ លោកស្រីក៏បានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិននេះ នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌនៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកម្លាំងកាយចិត្តធ្វើការពន្យល់ដល់រដ្ឋាភិបាលអាមេរិករហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ ពិសេសទាក់ទងនឹងការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់និង លុបការឆ្លងរបស់ជំងឺអេដស៍។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងរាប់រងការងារឆ្លើយតបនឹងជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្តទទួលខុសត្រូវក្នុងការចូលរួមជាមួយសកលលោកដើម្បី កាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និង ជំងឺអេដស៍ដែលកម្ពុជាបាននឹងកំពុងសម្រេចបានសមិទ្ធិផលជាទីពេញចិត្ត។ ទន្ទឹមនឹងការតាំងចិត្ត និងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៏នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូរពាក់ពន្ធ័ទាំងបច្ចេកទេសនិងថវិការដើម្បីជំរុញលទ្ធភាព របស់ប្រពន្ធ័សុខាភិបាលបានកើនឡើងមួយកម្រិតទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ US-CDC និង NIH ដែលនៅមានសកម្មភាពបន្ត និងជំរុញអង្គភាពបច្ចេកទេសសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់បន្តសហការល្អដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


