Connect with us

សន្តិសុខសង្គម

ពលរដ្ឋសាទរចំពោះការដកផ្លូវរថភ្លើងចេញពីកំណាត់ផ្លូវ១០៥K ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរ

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway ចាប់ផ្តើមធ្វើការកាយដកដែករ៉ៃ(ផ្លូវរថភ្លើង)ចេញពីកំណាត់ផ្លូវ១០៥K បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសអ្នកដំណើរឆ្លងកាត់ ដែលតែងបង្កគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកផ្លូវរថភ្លើងនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរជារឿយៗ ដោយសាររអិលជាមួយនឹងដែករ៉ៃ ជាពិសេសនៅពេលមានភ្លៀងធ្លាក់មកធើ្វអោយមានទឹកដក់ធើ្វអោយអ្នកដំណើរមើលមិនឃើញ និងតែងតែដួលបង្កគ្រោះថ្នាក់។ ពួកគាត់សាទរយ៉ាងខ្លាំងចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway Cambodia ដែលបានសិក្សាបន្ថែមពីផលប៉ះពាល់។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពាក់ព័ន្ធផ្លូវរថភ្លើងនៅលើកំណាត់ផ្លូវ១០៥K មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway Cambodia (RRC)បានចុះធ្វើសកម្មភាពបន្ទាន់ ដោយកាយដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាតឡើងវិញស្របតាមស្តង់ដារបច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវនេះ។ បើតាមអ្នកនាំពាក្យ ផ្លូវដែលត្រូវដកដែករ៉ៃចេញ និងចាក់ជាបេតុងវិញនេះមានប្រវែង១៥០០ម៉ែត្រ ហើយក្រុមការងារសហការធ្វើទាំងយប់ទាំងថ្ងៃ និងគ្រោងបញ្ចប់នៅបំណាច់ខែកក្កដានេះ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ក៏បានឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម