ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ថា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ចំនួនអ្នកទេសចរមកកម្សាន្តនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជា មានការកើនឡើងបើទោះបីជាមានវិបត្តិនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកក្តី។ ការកើនឡើង នេះបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។ លោកបានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃលើការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

លោក ហួត ហាក់ មានប្រសាសន៍ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា។ ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែកទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈ ការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។
លោករដ្ឋមន្ត្រី បានបង្ហាញថា យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន ៣០.៦% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។

លោកបន្តថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ កើតចេញមកពីមរតកដ៏មានតម្លៃមហិមា នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលថ្មីៗជាច្រើនទៀត ដោយរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។
លោកបន្ថែមថា តាមរយៈការដាក់ចេញនូវអនុសាសន៍តម្រង់ទិសជាប់ជាប្រចាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការខិតខំប្រឹងប្រែងអនុវត្ត ភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម សកម្ម អន្តរសកម្មពីគ្រប់អ្នកពាក់ព័ន្ធ និងការចូលរួមពីបុគ្គលម្នាក់ៗ ក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ ពិតជាបានចូលរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនប្រកបដោយលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ដោយឈរលើគោលការណ៍អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន៕
ដោយ៖ គឿន វេត





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ