Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតែកត្តាសុខសន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​ប្រារព្ធ​ពិធី​ព្រះពុទ្ធសាសនា​តាម​បំណងប្រាថ្នា​របស់ខ្លួន ​ព្រោះតែ​កត្តា​សុខសន្តិភាព ​និង​សុខុដុម​នីយកម្ម​សាសនា​ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុងពេល​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ចំនួន ៣ ​វត្ត ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ១០ ​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី ​២០ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ជូន​ដល់ អង្គ​ពិធី​ទាំងមូល​ដោយ​សេចក្តី​នឹករលឹក និង​ការ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​មានប្រសាសន៍​បន្តទៀតថា សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ជា​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​សម្រេចបាន​នូវ​សុខសន្តិភាព ឯកភាព​ជាតិ​ពេញលេញ​ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ក្នុងនោះ​ផងដែរ សុ​ខុ​ដុម​នីយកម្ម​សាសនា ​ក៏មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី​អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធសាសនា តាម​បំណងប្រាថ្នា​រៀងខ្លួន។

សម្តេច​ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​រួមគ្នា​ថែរក្សា​នូវ​សុខ​សន្តិភាព​នេះ​ឲ្យ​បាន​នៅ​គង់វង្ស ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត។

គួរ​រំលឹក​ផង​ដែរ​ថា ពិធីបុណ្យ​ចូល​ព្រះវស្សា គឺជា​ការរៀបចំ​ឲ្យ​ឈប់សម្រាក​នៅទីណា​មួយ ឬ ក្នុង​វត្ត​អារាម​ណាមួយ​ក្នុង​រយៈពេល ​៣​ ខែ​ ក្នុង​រដូវ​ធ្លាក់ភ្លៀង និង មិន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះឡើយ លើកលែង​តែមាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូចជា ​ឪពុកម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ដោយ​តាំងចិត្ត​ត្រលប់​មកវិញ​ក្នុង រយៈពេល ៧ ​ថ្ងៃ។

ពិធីបុណ្យ​ចូល​ព្រះវស្សា ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ ​១ ​រោច​ ខែ​អាសាឍ​ ដល់​ថ្ងៃ ១៥ កើត ខែអស្សុជ។ តែ​ពិធី​ត្រូវបាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី ១៥​ កើត ខែអាសាឍ ដោយមាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ និង​ចាស់ទុំ​ចំណុះជើងវត្ត នាំគ្នា​ហែ​ទៀនវស្សា សំពត់ សាដក និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ។

ពិធីបុណ្យ​នេះ​ផងដែរ ក៏មាន​ជួបជុំ​ពុទ្ធបរិស័ទ​នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិស​មហាកុសល​ផល​បុណ្យ ជូន​ដល់​ញាតិកា​ទាំង ៧ សន្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ មក​ទទួលយក​ផលានិសង្ស​ដែល​កើតចេញ​អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម