Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ឱ្យចូលធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាស

បានផុស

នៅ

ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ នេះបើតាមការលើកឡើងរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសកំណើនរោងចក្រ សហគ្រាស ដែលគិតមកទល់ថ្ងៃនេះ គឺមានប្រមាណ ១ ៤៥៨ រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត ៣០ម៉ឺននាក់។ ទន្ទឹមនឹងការកើនឡើង រោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ បន្ថែមទៀត ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។

ជាមួយនេះដែរ លោកអភិបាលខេត្ត បានបង្ហាញនូវការត្រេកអរគ្រាដែលឃើញពលករបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតដែលជាឱកាសក្នុងការជួបជុំកូនចៅ និងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា «ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះ ពលរដ្ឋអាចធ្វើការនៅក្នុងស្រុកខ្លួនឯង ដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាក់ស្រុកទៀតទេ»។

រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ទន្ទឹមនេះ លោកក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រ សហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ហើយបញ្ជូនព័ត៌មានទាំងនោះឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។

ក្នុងនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗបានចូលរៀនវិញនៅស្រុកកំណើត ហើយចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សា ចង់រៀន និងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយ:រដ្ឋបាលខេត្តក៏មានសាលាឱ្យរៀន និងស្នាក់នៅដោយឥតគិតថ្លៃផងដែរ។

រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ជាងនេះទៅទៀត សម្រាប់សិស្សនិស្សិតមកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏មានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលបន្ថែម ហើយក្រោយរៀនចប់ក្រសួង ក៏ដូចរដ្ឋបាលខេត្ត និងរកការងារឱ្យធ្វើផងដែរ៕

រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម