Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរជាង ២ ពាន់នាក់ ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស ក្នុងវេទិកាការងារនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

បានផុស

នៅ

អតីត​ពលករ​មកពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ពាន់​នាក់ បាន​ចូលរួម ទទួល​បាន​ឱកាស​ការងារ និង​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ១៤-១៥ ខែ​មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា ថា វេទិកា​ការងារ​នេះ មាន​អតីត​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​​ចំនួន ២ ៤៣២ នាក់ បាន​អញ្ជើញ​ចូលរួម​ស្វែងរក​ការងារ​ធ្វើ ក៏​ដូចជា​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម និង​ឱកាស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

លោក​បន្ត​ថា ក្នុង​ឱកាស​នោះ អតីត​ពលករ​មកពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​សរុប​ចំនួន ២៤៨ នាក់ ចំណែក​អ្នក​ជាប់​ការងារ​សរុប ៣៤៦ នាក់ (តួលេខ​បឋម) ទទួល​បាន​ការងារ​ពី​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំៗ ចំនួន ១០ ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ដល់​មូលដ្ឋាន។

អ្នកនាំពាក្យ​រូប​នេះ បាន​អំពាវនាវ​ដល់​អតីត​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ខ្មែរ មិន​បាន​ចូលរួម​វេទិកា​ការងារ​លើក​នេះ សូម​ទាក់ទង​ទៅកាន់​លេខ ១២៩៧ ដែល​មាន​មន្ត្រី​ក្រសួង​ការងារ​នៅ​រង់ចាំ​ទទួល​ទូរសព្ទ ៧ ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃ។

សូម​រំឭក​ផង​ដែរ​ថា គិត​មក​ដល់​ពេលនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វេទិកា​ការងារ សរុប​ចំនួន ៦០១ លើក ដែល​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ជាង ៦៣ ម៉ឺន​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម