ព័ត៌មានជាតិ
មេឃក្តៅមិនមានភ្លៀង ធ្វើឲ្យផលដំណាំកសិករតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ប្រឈមការខូចខាត
ដោយសាតែកត្តាអាកាសធាតុ ធ្វើឲ្យផលដំណាំរបស់កសិករតាមបណ្តាតំបន់មួយចំនួននៅក្នុងខេត្តបាត់ដំបង រងការខូចខាតខណះក្នុងរយះពេលជាច្រើនថ្ងៃកន្លងមកនេះ មិនមានភ្លៀងធ្លាក់និងបានបង្កើនកម្តៅកាន់តែខ្លាំង បង្កឲ្យផលដំណាំផ្សេងៗឡើងស្លោកដើមរហូតដល់ខូចខាតទាំងស្រុង ក្នុងនោះមានដំណាំដំឡូងមី រួមទាំងម្ទេសនិងពោតដែលមិនអាចសង្គ្រោះបាន។
លោក ឈាង រុំ ពលរដ្ឋរស់នៅតំបន់ភូមិទួល និងប៉ៃឡាំ ក្នុងឃុំចែងមាជ័យ ស្រុកបាណន់ បានឲ្យដឹងថា ដំឡូងមីរបស់លោកឆ្នាំនេះមិនអាចហុចផលបានច្រើននោះទេ ដោយសារតែអាកាសធាតុក្តៅខ្លាំង។ ការមិនមានធ្លាក់ភ្លៀងជាច្រើនថ្ងៃបានបង្កឲ្យដើមដំឡូងចុះខ្សោយទាំងដើមទាំងមើមក្រៀមស្វិតជាបន្តបន្ទាប់ ធ្វើឲ្យលោកអស់ក្តីសង្ឃឹមឈប់ថែទាំ និងទុកចោលតាមដំណើរបានប៉ុណ្ណាយកប៉ុណ្ណោះ។

លោកបន្តថា “ការដាំដុះនិងការថែទាំ ខ្ញុំបានប្រើដើមទុនច្រើន។ ដំបូងខ្ញុំឃើញដុះឡើងល្អសប្បាយចិត្ត ហើយភ្លៀងក៏បានធ្លាក់ យ៉ាងហោចក៏ ២ ឬ ៣ ថ្ងៃធ្លាក់ភ្លៀងម្តង។ តែក្នុងរយះពេលជិតមួយខែចុងក្រោយនេះ មិនមានធ្លាក់ភ្លៀងទាល់តែសោះ ហើយប្រភពដីក៏ឆាប់ក្តៅផងដែរ គឺជាប្រភេទដីល្បាយខ្សាច់ក្រហម។ តែបើត្រូវទឹកនោះដើរស្ទើរមិនបានព្រោះឆាប់បែកជាភក់និងស្អិតខ្លាំង”។
លោកថា ឆ្នាំនេះគ្រួសារលោកមិនបានសងលុយទៅធនាគារទាំងស្រុងដូចឆ្នាំកន្លងទៅនោះទេ គឺបានត្រឹមតែឡើងការ ប្រាក់ឲ្យធនាគារបណ្តោះអាសន្នតែប៉ុណ្ណោះ បើសិនជាដំឡូងរបស់លោកខូចខាតក្នុងទំហំធំ។
អ្នកស្រី សួន ថា កសិករមួយរូបទៀតបានឲ្យដឹងដែរថា ដំណាំម្ទេសអ្នកស្រីបានខូចខាតទាំងស្រុងតាំងពី ៣ ថ្ងៃមុន ខណះដើមម្ទេសបានចេញផ្កាជាបន្តបន្ទាប់ទៅហើយ ក៏ស្រាប់តែអាកាសធាតុចាប់ផ្តើមក្តៅខ្លាំង ហើយទឹកភ្លៀងក៏ដាច់យូរថ្ងៃទៀត ទើបធ្វើឲ្យដើមនិងស្លឹកម្ទេសស្លោកស្វិតក្រៀមអស់តែម្តង។
អ្នកស្រីបន្តថា ការខូចខាតនេះ ប្រឈមការខ្ចីដើមទុនពីធនាគារ ហើយឆ្នាំនេះមិនមានក្តីសង្ឃឹមថានឹងបានសងទៅធនាគារវិញ ព្រោះដើមទុនសង្ឃឹមលើតែផលម្ទេសប៉ុណ្ណោះ។
បើតាមមន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ផលដំណាំកសិករតាមតំបន់មួយចំនួនក្នុងខេត្ត បានរងការប៉ះពាល់ដោយសារកត្តាអាកាសធាតុ ហើយបើសិនជាបានប្រមូលទិន្នផលបានក៏ថយចុះយ៉ាងហោចជិត ៥០% ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់កសិករ ខណះចំណូលរបស់កសិករមួយចំនួនបានទុកបង្វិលដើមឲ្យទៅធនាគារឬនាយទុន ដែលពួកបានទៅខ្ចីបុលដើម្បីធ្វើការដាំដុះ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


