Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ​យល់ថាកា​រស្ដារទំនុក​ចិត្តជាមួយថៃឡើង​វិញ​ពេល​នេះត្រូវការពេលយូរជាងជម្លោះឆ្នាំ២០០៨

បានផុស

នៅ

អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ការ​ស្ដារ​ទំនុក​ចិត្ត​ពី​កម្ពុជា​ចំពោះ​ថៃ​ឡើង​វិញ​នៅ​ពេល​នេះ​គឺ​ត្រូវ​ការ​ពេលវេលា​ដ៏​យូរ​អង្វែង​មួយ​ ខុសពី​ពេល​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ២០០៨។ ការ​លើក​ឡើង​នេះ​ដោយ​មើល​ឃើញ​ថាពីការ​កាត់​ផ្ដាច់​ទំនាក់ទំនង​ទូត ថៃ​បាត់បង់អំណាច​ទន់​លើ​កម្ពុជា ភាពក្រឡិចក្រឡុច​របស់​ថៃ​ក្នុងជម្លោះត្រូវ​បាន​មហាជន​បាន​ដឹង​ឮទូលំទូលាយ ខណៈដែល​កម្ពុជា​កាន់​តែ​ឯករាជ្យ​ពី​ថៃ​ទាំង​ថាមពល និង​ទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាអ្នក​ជំនាញ​របស់​កម្ពុជា​ថ្មី​កាលពី​ថ្ងៃសៅរ៍​ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច មាន​ប្រសាសន៍​ក្នុង​ន័យ​ធៀប​ថា​ សង្គ្រាម​ពេល​នេះ​គឺ​ដូច​ជា​ចាន​ដែល​បែក​ហើយ​និង​មិន​ងាយ​ភ្ជាប់​ឡើង​វិញទេ ដោយសារបញ្ហា​ព្រំដែន​នេះ​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្ទៃក្នុង​របស់​ថៃ​បាន​បង្វែរ​មក​ព្រំដែន​កម្ពុជា និង​រាលដាលដល់ពាណិជ្ជកម្ម ហើយ​ពលរដ្ឋ​បាន​ដឹង​ឮច្រើនពីជម្លោះនេះ។ លោក​ថាដែល​ពេល​នេះ​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ពហិកាជាបន្ត​បន្ទាប់​ក្នុងការឈប់ប្រើផលិតផល​ថៃ ខណៈដែល​ប្រទេស​កម្ពុជា​ក៏​កំពុង​ផលិតផលិត​ផល​របស់​ខ្លួន Made in Cambodia ហើយ​ទំនិញដែល​មិនទាន់​ផលិត​បាន​កម្ពុជា​បាន​ស្វែង​រក​ពី​ប្រទេស​ទី​បី​ក្រៅពី​ថៃដើម្បី​ផ្គត់​ផ្គង់។

លោកថា៖ «ការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​ថៃ​ពេល​នេះ​គឺ​ជា​រឿង​ដែល​វែង​ឆ្ងាយ​និង​លំបាកបើសិន​ជា​ចង់​ឱ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​គឺ​មិន​ដូច​ជា​២០០៨​ទេ​។ ២០០៨គឺការ​សម្រេច​បញ្ចប់​នូវ​អរិភាព​នេះ​គឺថៃ​បាន​បញ្ចប់​នូវបញ្ហាផ្ទៃ​ក្នុងរបស់​ថៃ​ ទី​២​គឺ​ការ​សម្រេច​បញ្ជាក់​ឡើង​វិញ​ពី​កា​រសម្រេច​ក្ដីរបស់​ ICJ ពេល​នោះដែល​ព្រះវិហារ​មក​កម្ពុជា​និង​តំបន់​ជុំ​វិញ»។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ប្រទេសថៃបាន​បន្ថយ​កម្រិតទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជានិង​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ត្រលប់មក​កម្ពុជា​វិញ ជា​ការ​ឆ្លើយ​តប​កម្ពុជា​ក៏​សម្រេច​ទម្លាក់​កម្រិត​ទំនាក់ទំនងការទូតកម្ពុជាថៃឱ្យមកនៅទាបបំផុតត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកកឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ហើយ​តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។ នៅ​ថ្ងៃ​បន្ទាប់គឺ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ជម្លោះប្រដាប់​អាវុធរវាង​កម្ពុជា​និង​ថៃ​បាន​ផ្ទុះ​ឡើង។

ប្រធាន​វិទ្យាសា្ថនទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោកបណ្ឌិត គិន ភា ថា​ពិបាក​ក្នុង​ការ​និយាយ​ថា​ពេល​ណា​ដែល​កម្ពុជា​និង​ថៃ​អាច​ទុក​ចិត្ត​គ្នា​ឡើង​វិញ​ណាស់​ នៅពេល​ដែល​ស្ថានភាព​ព្រំដែន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូចបច្ចុប្បន្ន​នេះ។ លោក​មើល​ឃើញ​ដំណោះស្រាយមួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​ប្រទេសទាំង​ពីរអាច​ស្ដារទំនាក់ទំនង​ការ​ទុកចិត្ត​គ្នា​ឡើង​វិញ​បាន​នោះគឺ​ការ​គោរពបទ​ឈប់បាញ់ បញ្ឈប់​ស្នូរ​កាំភ្លើង បើក​ព្រំដែន​ឡើង​វិញ ប្រក្រតីកម្មនៃ​ទំនាក់ទំនង​ការទូត រៀបចំ​យន្ត​ការ​ដើម្បី​លើក​កំពស់​ទំនាក់ទំនង និងអ្វីដែលសំខាន់ជាង​គេ​នោះគឺ​​រៀបចំ​ការ​បោះបង្គោល​ព្រំដែនរវាង​ប្រទេសទាំង​ពីរ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​​ឱ្យបាន​រួចរាល់។

លោកបណ្ឌិត គិន ភា៖ «រឿង​ដែល​សំខាន់​បំផុត​នោះដើម្បីបញ្ជៀស​នូវ​ជម្លោះ​ទៅ​អនាគត​គឺ​ការ​រៀបចំ​ខ័ណ្ឌ​សីម៉ា​ឱ្យ​បាន​ច្បាស់លាស់​ត្រឹម​ត្រូវ​ផ្អែក​លើ​លិខិត​តូបករណ៍​អន្តរជាតិ​ដែល​យើង​បាន​ចុះ​ហត្ថលេខាជាមួយ​គ្នាជាពិសេស​គឺ​អនុសញ្ញាបារាំង​សៀមឆ្នាំ១៩០៤-១៩០៧ MOUឆ្នាំ២០០០ MOU ឆ្នាំ២០០១។ នៅពេលដែល​យើង​មាន​ព្រំដែន​ច្បាស់លាស់ជាមួយ​គ្នា​ខ្ញុំ​គិត​ថា​អរិភាពដែល​នៅ​សេសសល់​ជាមួយ​គ្នា​ទាក់ទង​ប្រពៃណី ទំនៀមទម្លាប់ក្ដីខ្ញុំ​គិត​ថា វា​ជា​ការ​ប៉ះទង្គិច​ស្មារតី​រវាង​ប្រជា​ជន និង​ប្រជាជន​ទេតែ​កម្រិត​រដ្ឋ​គឺ​អត់​ទេ»។

ជម្លោះប្រដាប់អាវុធលើក​ចុង​ក្រោយ​រវាង​កម្ពុជា​និង​ថៃ​កើតឡើងនៅ​ឆ្នាំ២០០៨ ដល់​២០១១ បន្ទាប់ពីមាន​ការ​ឈ្លាន​ពាន​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ដោយ​កង​ទ័ព​ថៃ។ ទោះ​ជា​យ៉ាង​ណាជម្លោះ​ព្រំដែន​នៅ​ពេលនោះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការទូត និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​នោះ​ទេ ពោល​គឺ​ប្រទេស​ទាំង​ពីរ​រក្សាមន្ត្រីការទូត និងបើក​ព្រំដែន ដោះដូរ​ទំនិញជាមួយគ្នា​ជាធម្មតា។

ជាការ​កត់សម្គាល់បន្ទាប់ពីមាន​ការ​ប៉ះទង្គិចប្រដាប់អាវុធនៅ​ពេល​នោះនិង​មានការ​​សម្របសម្រួល​ការទូត មេដឹក​នាំ​ប្រទេស​ទាំង​ពីរ​ពេល​នោះ​ក៏​បាន​ជួប​គ្នា​ទាត់​បាល់​មិត្តភាព​មួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០១១ ជា​សញ្ញាប្រាប់​ថារឿង​អាក្រក់​កន្លង​មក​រវាង​ប្រទេស​ទាំង​ពី​របានបញ្ចប់​ហើយ​។ ហើយនៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៣ ក្រោយ​​ពីតុលាការយុត្តិធម៌​អន្តរជាតិ​បាន​កាត់​ក្ដី​ឱ្យ​កម្ពុជា​ឈ្នះលើ​ជម្លោះនោះ ស្ថានភាព​ទំនាក់ទំនង​និង​ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ស្ដារ​ទៅ​រក​ភាព​ប្រក្រតី​វិញផងដែរ៕

photo: RFI

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម