Connect with us

សេដ្ឋកិច្ច

លោក ស៊ូ សុជាតិ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥ ជាផែនការមេក្នុងការអភិវឌ្ឍន៍​វិស័យមូលបត្រកម្ពុជា​

បានផុស

នៅ

លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​និង​ផែនការ​មេ ១០​ឆ្នាំ​នៃ​វិស័យ​មូលបត្រ​កម្ពុជា​គឺជាផែនទីចង្អុលផ្លូវដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ទំនើបកម្ម និងផលិតផលកាន់តែច្រើនដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណចូលរួមកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់កម្ពុជាថ្មី លោក​ ស៊ូ សុជាតិ បាន​មាន​ប្រសាសន៍​ថា៖« ចំពោះ​ការ​រៀប​ចំ​វិស័យ​មូលបត្រ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៨ មក​ គឺ​យើង​បាន​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​វិស័យ​ហិរញ្ញវត្ថុ ដែល​យុទ្ធសាស្ត្រ​នេះ គឺ​ជា​គន្លង​ផ្លូវ​គោល​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ និង​ត្រូវ​បាន​​ធ្វើ​បច្ចុប្បន្ន​កម្ម​រៀងរាល់​ ៥​ ឆ្នាំ​ម្តង ចុង​ក្រោយ យើង​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ផែនការមេយុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ​ឆ្នាំ ២០២៥-២០៣៥»។

លោកបានបន្យល់ថា ផ្អែក​តាម​ផែនការ​មេ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យ​ហិរញ្ញវត្ថុ ​ឆ្នាំ ២០២៥-២០៣៥ និយតករ​មូលបត្រ​បានរៀប​ចំ​ឱ្យ​មាន​ផែន​ការ​មេ​សម្រាប់​រយៈ​ពេល ១០ ឆ្នាំ​ពេញ​ មាន​ន័យ​ថា ដើម្បី​ក្លាយ​ជា​ផែនការ​មេ​រយៈ​កាល​គួរ​តែ ១០​ឆ្នាំ ​តាម​នវានុវត្តន៍​អន្តរជាតិ ហើយ​ការ​រៀប​ចំ​ផែនការ​នេះ​សម្រាប់​រយៈ​ពេល​ ១០​ឆ្នាំ ត្រូវ​បាន​បែង​ចេក​ជា រយៈ​ពេល​ខ្លី ២​ឆ្នាំ​ រយៈ​ពេល​មធ្យម​ចំនួន ៥ ឆ្នាំ​ ហើយ​សម្រាប់​រយៈ​ពេល​យូរ​គឺ ១០​ឆ្នាំ​ ដែល​សម្រេច​ថា រយៈ​ពេល​ខ្លី ២​ឆ្នាំ ​រយៈ​កាល​មធ្យម ៥​ឆ្នាំ​មាន​អ្វី​ខ្លះ និង​រយៈ​កាលយូរ​ ១០​ឆ្នាំ​​។

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ ត្រូវបាននិយ័តករមូលបត្រកម្ពុជា (SERC) ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ក្រោយពីបានទទួល​ការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក្នុងសម័យប្រជុំអាណត្តិទី១ លើកទី២៥ កាលពីថ្ងៃ​ទី១០ ខែកក្កដា ថ្មីៗកន្លងទៅនេះ។​

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងឯកសារយុទ្ធសាស្រ្តនោះថាវិស័យមូលបត្រ ដែលមានមុខងារក្នុងការសម្រួលដល់ការកៀរគរមូលធន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្ត្រ។

លោកថា៖«អាស្រ័យហេតុនេះ វាពិតជាមានភាពចាំបាច់ដែលត្រូវធានាឱ្យបាននូវការអភិវឌ្ឍ វិស័យមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ភាពធន់ ជីវភាព បរិយាបន្ន និរន្តរភាព និងនវានុវត្តន៍ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ដែលមានភាពគ្រប់ ជ្រុងជ្រោយ»។

បើតាមលោក ស៊ូ សុជាតិ សម្រាប់​ផែនការ​មេ​ ត្រូវ​បាន​បែងចែក ជា​យុទ្ធសាស្ត្រ​ធំ​ៗ​ចំនួន ៣ សម្រាប់​អនុវត្តន៍​ ទី​១ យុទ្ធសាស្ត្រ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អ្វី​ៗ​ដែល​និយតករ​មូលបត្រ​បាន​អនុវត្តន៍​រួច មាន​រួច​។ ឧទាហរណ៍៖ ​ដូច​ជា​ផ្នែក​ ផលិត ថា​តើ​យើង​ត្រូវ​បន្ថែម​អ្វី​ទៀត​ដើម្បី​ឱ្យ​កាន់​តែ​មាន​សន្ទុះ​ទីផ្សារ​ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ ត្រូវ​រៀប​ចំ​អ្វី​បន្ថែម​ ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទីផ្សារ​ត្រូវ​មាន​អ្វី​បន្ថែម​ ការ​បង្កើន​ការ​បោះ​ផ្សាយ​ពាក់ព័ន្ធ​ទៅ​និង​ការ​បង្កើន​អ្នក​វិនិយោគ​ និង​ការ​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ប្រទេស​ ទាំង​អស់​នេះ​ គឺ​ជា​ផ្នែក​នៃ​ការ​ពង្រឹង​ការ​អភិវឌ្ឍន៍​វិស័យ​មូលបត្រ​ដែល​មាន​ស្រាប់ ហើយ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា វិធានការ​ ៤ នៃ​ការ​ពង្រឹង​។

ដោយ​ឡែក ​វិធាន​ការ​ ៤​ទៀត នៃ​ការ​ពង្រីក​ទីផ្សារ ឬ​ពង្រីក​ការ​អភិវឌ្ឍន៍​ទីផ្សារ​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​រឿង​ថ្មី​ៗ​ដែល​ពាក់ព័ន្ធ​ទៅ​និង​វិស័យ​អាកាសធាតុ​ ដោយ​ឱ្យ​ឈ្មោះ​ថា ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយ​បញ្ចូល​ទៅ​ដល់​ការ​គិតគូរ​អំពី​កិច្ចការពារ​បរិស្ថាន​ ​និង​អាកាស​ធាតុ ដូច្នេះ​យើង​និង​រចនា​នូវ​ការ​ផលិត​ ក៏​ដូច​ជា​រចនា​នូវ​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម​បន្ថែម​ពាក់ព័ន្ធ​ទៅ​និង​ការ​យក​ទីផ្សារ​មូលបត្រ​ជា​ច្រក​មួយ​ដែល​អាច​ប្រមូល​សាច់​ប្រាក់​​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​នេះ​មិន​នាំ​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ធានា​បាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ចំណុច​ធំ​មួយ​ទៀត គឺ​ពាក់ព័ន្ធ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង យើង​អាច​ចាប់​យក​ដើម្បី​មក​អភិវឌ្ឍន៍ ដូចជា​ការ​រៀប​ចំ​សេវា​ថ្មី ឬ​អភិវឌ្ឍន៍​រៀប​ចំ​ជា​ការ​ផលិត​ថ្មី​ដែល​ពាក់ព័ន្ធ​ជា​មួយ​ផ្នែក​នេះ​ ដែល​​មក​​បម្រើ​ឱ្យ​ផលិត​ផល​ បម្រើ​ឱ្យ​សេវា​ ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ទិស​ដៅ​ពង្រីក​ថ្មី​មួយ​ទៀត​ដែល​បម្រើ​ឱ្យ​វិស័យ​មូលបត្រ​។

ជា​មួយ​គ្នា​នេះ លោក ស៊ូ សុជាតិ បានបន្ថែមដែរថា យើង​ក៏​ត្រូវ​គិត​គូរ​អំពី​ការ​រៀបចំ​នូវ​បទ​បញ្ញត្តិ​ថ្មី​បន្ថែម​ស្រប​ទៅ​តាម​បរិក្ខារ​ថ្មី និង​ការ​រៀប​ចំ​នូវ​ការ​ពង្រឹង​​សមត្ថភាព​របស់​អាជ្ញាធរ​ ដើម្បី​ស្រប​ទៅ​តាម​បរិបទ​ថ្មី ដូច្នេះ​ហើយ​ចំណុច​ ៤ នេះ យើង​ឱ្យ​ឈ្មោះ​ថា ការ​ពង្រីក​ ៤ សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​មូលបត្រ​។

ក្រៅ​ពី​នេះ នៅ​​ចំណុច​ចុង​ក្រោយ ដែល​ជា​យុទ្ធសាស្ត្រ​គាំទ្រ​ មាន​ន័យ​ថា តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​ដល់​ការ​គាំទ្រ​ពាក់ព័ន្ធ​និង​ការ​ពង្រឹង​ និង​ការ​​ពង្រីក​ទាំង​អស់​នេះ​តាំង​ពី​ការ​អភិវឌ្ឍន៍​សមត្ថភាព​និយ័ត​ករ ​ការ​អភិវឌ្ឍន៍​សមត្ថភាព​អ្នក​ចូល​រួម​នៅ​ក្នុង​ទីផ្សារ​​ ទំនាក់ទំនង​អន្តរជាតិ​ ក៏​ដូច​ជា​តម្រូវ​ឱ្យ​មាន​ការ​គិតគូរ​អំពី​កញ្ចប់​ថវិកា ដំណើរការ​នៃ​ការ​អនុវត្តន៍​ថវិកា ក៏​ដូច​ជា​ការ​គិតគូរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផ្សេង​ទៀត​ ដែល​ជា​ធម្មតា​ទាំង​ស្ថាប័ន​ និង​ទីផ្សារ​ដែល​ត្រូវ​ការ​ជា​ដើម។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានប្រកាសដាក់ឱ្យប្រើ​ប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ២០២៥-២០៣៥ ដែលយុទ្ធសាស្រ្តរយៈពេលវែងនេះនឹងផ្តល់នូវដំណោះស្រាយ សក្តានុពលចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមដែលនឹងកើតឡើងនាពេលអនាគត។

បើតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ​អស់រយៈ​ពេលជាង ១៣ ​ឆ្នាំ នៃ​ការ​បើក​ដំណើរការ​ផ្សារហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​មូលបត្រ​បាន​ចូលរួម​កៀរគរ​ថវិកាបាន​ប្រមាណជិត ៥០០ លាន​ដុល្លារ​អាមេរិក​។​ ​ចាប់​តាំង​ពី​ទីផ្សារ​ហ៊ុន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ជា​ភាគហ៊ុន​ជាមួយ​មាន​ចំនួន ១១ ក្រុមហ៊ុន ដោយ​ក្នុង​នោះ​ក្រៅ​ពី​ភាគ​ហ៊ុន ក៏​នៅ​មាន​ផលិត​ផល​ផ្សេង​ទៀត​គឺ​មាន​សញ្ញាប័ណ្ណ​ចំនួន ១៤ បន្ថែម សរុប​​ក្រុម​ហ៊ុន​ទាំង​អស់​មាន​ចំនួន ២៥។ ​ក្រុមហ៊ុន​ទាំង​ ២៥ នេះ​ បាន​កៀរគរ​ទុន​ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម