Connect with us

ព័ត៌មានជាតិ

កុមារីអាយុ ៥ឆ្នាំ មានជំងឺរលាកសួតធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះបានដោយជោគជ័យ

បានផុស

នៅ

កុមារីម្នាក់អាយុ ៥ឆ្នាំ មានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី-H5N1 ត្រូវបានក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះបានដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីមន្ទីរពេទ្យជ័យវ័រ្មនទី៧ បានឱ្យដឹងថា កុមារីម្នាក់នេះ ត្រូវបានយកមកពីខេត្តតាកែវ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី-H5N1 ក្នុងស្ថាភាពធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានថែទាំព្យាបាលអស់រយ:ពេល ១៥ថ្ងៃ ទើបក្មេងស្រីមានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ នាថ្ងៃទី១៩ ខែសីហា នេះ។

ជាមួយគ្នានេះ មន្ទីរពេទ្យក៏បានអំពាវនាកុំឱ្យយកមាន់ ទាស្លាប់ មកទទួលទាន ព្រោះអាចបណ្តាលឱ្យឆ្លងវីរុស H5N1 (ផ្តាសាយបក្សី) និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។

ដើម្បីបង្ការខ្លួនពីជំងឺផ្តាសាយបក្សី សូមកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។

ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម