ព័ត៌មានជាតិ
ពេញ១ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាជួយវះកាត់កុមារមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃ
រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។

ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងចំណោមនេះ កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលលើកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។
គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


