Connect with us

ព័ត៌មានជាតិ

ចំពោះមុខជម្លោះព្រំដែនជាមួយថៃ នាយករដ្ឋមន្រ្តីកម្ពុជាចេញមកឆ្លើយតបនឹងសំណួរថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?

បានផុស

នៅ

ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នានៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួនរួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិលរហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយនោះ នៅពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញមកបកស្រាយបញ្ហាទាំងនេះ។ ក្នុងនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងចម្ងល់ ក៏ដូចជាណសំណួរ៤ពាក់ព័ន្ធនឹងសកម្មភាពរបស់រាជរដ្ឋាភិបាលនៅចំពោះមុខនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅលើបណ្តាញសង្គមសហ្វេសប៊ុកនៅរសៀលថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?

ចំពោះសំណួរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗបញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពការណ៍មានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មាន គឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។

២. តើរាជរដ្ឋាភិបាលបានបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់?

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានឆ្លើយយ៉ាងខ្លីថា គឺគ្មានទេ។ តាមសម្តេចធិបតី រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌឱ្យកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរ។

៣. តើការចរចានានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដី ឬទេ?

ត្រង់ចំណុចនេះ សម្តេចធិបតី បញ្ជាក់ថា គឺគ្មានទេ។ ការចរចាបទឈប់បាញ់ថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC)រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និងRBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ ហើយក៏គ្មានការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះ។

ចំពោះកិច្ចការចរចាព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិ អត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សម្តេចធិបតី សូមបងប្អូនមេត្តាយោគយល់ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈអំពីរាល់ការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។ បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាល ត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ព និងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខ បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះ ជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។

សម្តេចធិបតី បានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើ នឹងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។ ហេតុដូច្នេះ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម