Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព អរគុណម៉ាឡេស៊ីដែលជួយឱ្យកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់ និងអាស៊ានដែលឱ្យអនុព័ន្ធយោធាចុះសង្កេតការណ៍

បានផុស

នៅ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន អរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការងារសម្របសម្រួលឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) អនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។  លោក វង្ស ពិសេន ថ្លែងអរគុណម៉ាឡេស៊ីប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ដូច្នេះ  នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ( ACDFM-22 ) ដែលរៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូររម្លឹកថា រដ្ឋាភិបាល និងកងទ័ពរបស់ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានបទឈប់បាញ់លើបញ្ហាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​ កាលពីចុងខែកក្កដា កន្លងទៅ។ ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ បានចាប់ផ្ដើមឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីថៃជាអ្នកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន នៅទីតាំងប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្ដរមានជ័យ និងពង្រីកទីតាំងប្រយុទ្ធរហូតដល់តំបន់មុំបី។

បន្ទាប់ពីថៃ បានបើកការវាយប្រហារទាំងកម្រោល ខុសច្បាប់អន្តរជាតិ និងប្រើប្រាស់សុទ្ធតែសព្វាវុធធន់ធ្ងន់ យន្តហោះចម្បាំងមកលើកម្ពុជា នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ២០២៥លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ បណ្ដោះអាសន្ន លោក ភូមិថាំ តាមទូរស័ព្ទ ដោយចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ។ ភ្លាមៗនាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពថានឹងឈប់បាញ់នៅម៉ោង១២៖០០នាទីយប់ឈានចូលថ្ងៃទី២៥ ហើយភាគីថៃក៏ឯបានឯកភាពដូចគ្នា ប៉ុន្តែឈានចូលម៉ោង១ រំលងអាធាត្រថៃ ប្រែជំហរ បន្តបាញ់ប្រហារលើកម្ពុជាម្ដងទៀត។

 នៅថ្ងៃទី២៧ ខែកក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក៏ទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន  ម៉ាណែត ដោយចង់ឱ្យកម្ពុជា និងថៃ ឈប់បាញ់គ្នា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ជាការឆ្លើយតបសម្ដេច ហ៊ុន ម៉ាណែត បានឯកភាពនឹងសំណើរបែបនេះ ជាថ្មីម្ដងទៀត។ ជាមួយគ្នា​ ប្រធានាធិបតីអាមេរិក ក៏បានដាក់សម្ពាធទៅលើភាគីថៃ ឱ្យទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ទើបថៃព្រមទៅចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី។

ដូចការគ្រោងទុកនៅថ្ងៃទី២៨ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានជួបគ្នានៅលើទឹកដីម៉ាឡេស៊ី នៅក្នុងកិច្ចចរចាដោយមានការសង្កេតការណ៍ពីសំណាក់តំណាងសហរដ្ឋអាមេរិក និងចិន ហើយកិច្ចព្រមព្រៀងបទបាញ់បានកើតឡើង ដោយកំណត់ឱ្យភាគីកងទ័ពកម្ពុជា-ថៃ ឈប់ប្រយុទ្ធនៅម៉ោង១២៖០០នាទីយប់។ ដូចការព្រមព្រៀង កងទ័ពទាំងពីរបានឈប់ប្រយុទ្ធនៅម៉ោង០០ ប៉ុន្តែនៅម៉ោង០៧៖៥០ព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃបានរំលោភបទឈប់បាញ់ ដោយចាប់ឃុំខ្លួនយោធិនកម្ពុជាជាង២០នាក់។

នៅល្ងាចថ្ងៃទី២៩ ខែកក្កដា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយបានជួបជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងបញ្ជាក់ថានឹងថា ម៉ាឡេស៊ី បង្កើតក្រុមសង្កេតការណ៍ ដែលមានអនុព័ន្ធយោធារបស់ខ្លួន  គឺជាប្រធាន ដើម្បីចេញសង្កេតការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែកក្កដា ក្រោយមានបទឈប់បាញ់។ ក្រោយពីជជែកជាមួយមេបញ្ជាការកងយោធពលខេមរភូមិរួចភ្លាម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចុះទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់ថ្ងៃទី២៩ ខែកក្កដា តែម្ដង ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ របស់កម្ពុជា។ ក្រោមកិច្ចប្រឹង​​ប្រែងនេះហើយ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលមកពីប្រទេសជាសមាជិកអាស៊ាន បានចុះទៅសង្កេតការណ៍ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ នៅតាមព្រំដែនកម្ពុជា-ថៃ។

ជុំវិញការចុះទៅសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍អន្តរកាលតាមបទឈប់បាញ់នេះ, នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន នាថ្ងៃទី១០ ខែកញ្ញា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដែលបានអនុញ្ញាតឱ្យអនុព័ន្ធយោធា ចូលរួមសង្កេតការណ៍សម្រាប់ការអនុវត្តបទឈប់បាញ់ និងបានគាំទ្រពេញទំហឹងពីតួនាទី និងសកម្មភាពរួមរបស់ប្រទេសជាសមាជិក និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយរួមគ្នាលើកកម្ពស់ស្ថិរភាពក្នុងតំបន់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម