Connect with us

ព័ត៌មានជាតិ

ទូតចិនផ្ដល់ជំនួយ១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីជួយជនភៀសសឹករងគ្រោះព្រោះជម្លោះព្រំដែន

បានផុស

នៅ

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនភៀសសឹករងគ្រោះព្រោះជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយនឹងក្ដីសង្ឃឹមថាពលរដ្ឋភៀសសឹកអាចឆាប់បានត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិត នឹងរស់នៅក្នុងផ្ទះសម្បែងនៅតាមព្រំដែនឡើងវិញ។ ពិធីប្រគល់ និងទទួល បានធ្វើឡើងក្រោមវត្តមានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ជាមួយអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតចិន​ វ៉ាង វិនពីន សរសេរលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ដូច្នេះ៖«ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ យើងសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលបំណងនេះ។ »។

គួររម្លឹកថា កាលពីដើមខែសីហា កន្លងទៅ បន្ទាប់ពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានចុះទៅពិនិត្យមើលទីតាំងរងការខូចខាត និងជំរុំភៀសសឹក ព្រោះតែជម្លោះព្រំដែនរយៈពេល៥ថ្ងៃ  ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារជូនដល់ប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងជំរុំជនភៀសឹក នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។

នៅថ្ងៃទី៣០ ខែសីហា  ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម