Connect with us

ព័ត៌មានជាតិ

ដើមខែក្រោយ ក្រុមហ៊ុនធំៗ ចំនួន ១៥០ នឹងផ្ដល់ឱកាសការងារជាង ៣ ម៉ឺនកន្លែង សម្រាប់យុវជន ក្នុងពិព័រណ៍ការងារនៅកោះពេជ្រ

បានផុស

នៅ

នៅ​ដើម​ខែ​ក្រោយ ខាងមុខ​នេះ ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ធំៗ ចំនួន ១៥០ នឹង​ផ្ដល់​ឱកាស​ការងារ​ជាង ៣ ម៉ឺន​កន្លែង សម្រាប់​យុវជន ក្នុង​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំ​ឆ្នាំ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២៥ នឹង​ប្រារព្ធ​ឡើង​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១-២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​សាល​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ។ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «វិថី​ឆ្ពោះ​ទៅ​រក​ផលិតភាព ៖ ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​»។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២៥ ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា និង​ទទួល​បាន​ការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) មូលនិធិ​អភិវឌ្ឍន៍​ជំនាញ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

គោលបំណង​សំខាន់ៗ នៃ​ការ​រៀបចំ​ពិព័រណ៍​ការងារ​នា​ពេល​នេះ​រួមមាន ៖ បង្កើត​ជា​វេទិកា​ជំនួប​ដ៏​ធំ​រវាង​អ្នក​ស្វែងរក​ការងារ និយោជក និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្ដុះបណ្ដាល ដើម្បី​ដាក់ពាក្យ​ស្វែងរក​ការងារ ជ្រើសរើស​បុគ្គលិក ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ វគ្គ​អប់រំ​បណ្ដុះបណ្ដាល និង​ប្រឹក្សា​យោបល់​អាជីព ការងារ និង​វិជ្ជាជីវៈ។ បង្កើន​ការ​យល់ដឹង បណ្ដុះ​ផ្នត់គំនិត និង​ផ្សព្វផ្សាយ​ពី​ការ​បង្កើន​ផលិតភាព​ការងារ ក្នុង​ន័យ​ជំរុញ​ឲ្យ​អ្នក​ចូលរួម​មើល​ឃើញ​ខ្លួនឯង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​កម្លាំង​ពលកម្ម​ដែល​កំពុង​ជំរុញ​ផលិតភាព និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​ស្ដីពី​ការ​ចែករំលែក​បទ​ពិសោធ​ដោយ​វាគ្មិន​មាន​បទ​ពិសោធ​ក្នុង​វិស័យ​ការងារ និង​បច្ចេកវិទ្យា។ បង្កើត​ជា​វេទិកា​ត​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ក្នុង​ចំណោម ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន​ដែល​ចូលរួម ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ។

ជាមួយ​គ្នា​នេះ ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ ឆ្នាំនេះ ក៏​នឹង​រួមបញ្ចូល​នូវ​កិច្ចពិភាក្សា និង​ការ​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង​ពី​ប្រធានបទ «​វិថី​ឆ្ពោះ​ទៅ​រក​ផលិតភាព ៖ ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​» បំផុស​គំនិត​ទាក់ទង​នឹង​ផលិតភាព​ការងារ តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធ​ល្អៗ និង​គន្លឹះ​សំខាន់ៗ ពី​សំណាក់​វាគ្មិន​ជំនាញៗ មាន​បទ​ពិសោធ​យូរ​ឆ្នាំ​នៅ​ក្នុង​វិស័យ​ការងារ។

យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ កុំ​ភ្លេច​ត្រៀម CV ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាមៗ ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ ជាច្រើន និង​អាច​ចូលរួម​ក្នុង​សិក្ខា​សាលា​ផលិតភាព​ដែល​មាន​ការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ល្អៗ ពី​សំណាក់​វាគ្មិន​ជំនាញ​ជាច្រើន​ផង​ដែរ។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក Call Center ១២៩៧ ឬ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម