តាមពិតការលាបពណ៌ផ្ទះសម្បែង ការិយាល័យ ហាង ឬអគារនានា សុទ្ធសឹងជាប់ទាក់ទងនឹងក្បួនហុងស៊ុយ។ ចំណែកការកែកុនឬតុបតែងបន្ថែមពណ៌ ក៏ពាក់ព័ន្ធនឹងហុងស៊ុយខ្ពស់ទាបដែរ។ លាបពណ៌បានត្រឹមត្រូវអាចជួយលើករាសី តែបើខុសវិញ នោះរាសីនឹងស្រុតចុះក្រឺតៗមិនខាន។
តោះ! មកស្វែងយល់ជាមួយគ្នានូវពណ៌ហុងស៊ុយដែលអាចជួយលើករាសីដល់ម្ចាស់គេហដ្ឋានឬការិយាល័យ។
ពណ៌ខ្មៅ
ពណ៌ខ្មៅ ជាពណ៌តំណាងឲ្យអំណាច ស្ថេរភាព និងកម្លាំង។ កម្រមានអ្នកលាបផ្ទះពណ៌ខ្មៅជាទីបំផុត លើកណាតែលាបហាង ឬការិយាល័យ។ មិនថាលាបពណ៌នេះនៅទីណាទេ ខ្មៅជាពណ៌អាចរក្សាអាជីពឱ្យរឹងមាំ និងនាំភាពចម្រុងចម្រើនដល់ម្ចាស់អគារ។
ពណ៌ ស
ពណ៌ ស ជាពណ៌ដែលតំណាងឱ្យភាពបរិសុទ្ធ ស្អាតស្អំ និងពន្លឺ។ គេហដ្ឋាន ឬការិយាល័យដែលលាបពណ៌នេះ នឹងនាំមកនូវសេចក្ដីសុខ ចៀសបានភាពក្ដៅក្រហាយ ព្រមទាំងជួយរឹតចំណងមេត្រីភាពក្នុងរង្វង់គ្រួសារ។
ពណ៌ប្រផេះ
ប្រផេះ ជានិមិត្តរូបនៃអាយុកាល និងភាពរឹងមាំ។ វាជាពណ៌ដែលនាំនូវការផ្សារភ្ជាប់រវាងសមាជិកគ្រួសារ ជំរុញភាពរឹងមាំនៅក្នុងជីវិត ទាក់ទាញប្រាក់កាស និងទទួលបានអាយុយឺតយូរ។
ពណ៌ក្រហម
ក្រហមជាពណ៌តំណាងឲ្យជីវិត ក៏ជាពណ៌នៃថាមពលដូចគ្នា។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីស្រឡាញ់ ដែលមានន័យថា បើលាបផ្ទះពណ៌ក្រហមត្រង់ចន្លោះណាមួយ អាចនាំសុភមង្គលគ្រួសារ រួមនឹងកិត្តិយសរុងរឿងផងដែរ។ មិនត្រឹមតែប៉ុណ្ណេះ ពណ៌ក្រហមជានិមិត្តរូបបង្កើតកូនចៅ ពូជពង្សវង្សត្រកូល សម្បូរសប្បាយ។
ពណ៌ខៀវ
ពណ៌ខៀវ ជាពណ៌តំណាងឲ្យភាពស្ងប់ស្ងាត់ ភាពត្រជាក់ត្រជុំ សន្តិភាព និងការសម្រាក។ ពណ៌ខៀវលើករាសីឱ្យម្ចាស់គេហដ្ឋានព្រមទាំងម្ចាស់អគារនានា ជួបនូវភាពសុខដម្យរម្យនា និងផ្សះផ្សារការបែកបាក់ទាំងឡាយទាំងពួង។
ពណ៌បៃតង
ពណ៌បៃតង ជាពណ៌តំណាងឲ្យការលូតលាស់ និងលុយកាក់។ ពណ៌នេះជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ ព្រមជាមួយនឹងទ្រព្យសម្បត្តិ។ ជាពណ៌ដែលទាក់ទាញលាភសំណាង ប្រកបដោយផាសុកភាព ភាពរុងរឿងរីកចម្រើន និងថាមពលវិជ្ជមានគ្រប់ច្រកល្ហក។
ពណ៌លឿង
ពណ៌លឿង ជានិមិត្តរូបឲ្យព្រះអាទិត្យ។ វាជាពណ៌តំណាងឲ្យភាពរីករាយ សំណើច សុភមង្គល និងពេលវេលាល្អៗ។ លាបពណ៌នេះ គេជឿថា អាចបណ្ដេញភាពចង្រៃ អពមង្គលទាំងឡាយទាំងពួងចេញឆ្ងាយ ដោយជំនួសមកវិញតែភាពសប្បាយរីករាយ លាភសក្ការចូលមកហូរហៀរ។
ពណ៌ទឹកក្រូច
ពណ៌ទឹកក្រូច ជាពណ៌ភ្លឺរលោងបំផុតនៅលើភពផែនដី! តាមក្បួនហុងស៊ុយ គេជឿថា វាអាចនាំមកនូវភាពកក់ក្តៅក្នុងផ្ទះសម្បែង ផ្ដល់នូវភាពស្រស់ថ្លា រកស៊ីកាក់កប មានកេរ្តិ័ឈ្មោះសាយភាយល្អ។
ពណ៌ស្វាយ
ពណ៌ស្វាយ ជាពណ៌តំណាងឲ្យទ្រព្យសម្បត្តិ ភាពរុងរឿង ភាពទំនើប និភាពសម្បូរបែប។ តាមជំនឿពណ៌នេះ អាចផ្ដល់សេចក្ដីសុខសប្បាយទាំងកាយទាំងចិត្ត ជាពិសេសទាក់យសសក្តិឱ្យខ្ពស់មុខខ្ពស់មាត់នៅក្នុងសង្គម។
ពណ៌ស៊ីជម្ពូ
ស៊ីជម្ពូ ជាពណ៌តំណាងឲ្យភាពជឿជាក់ ស្ថេរភាព មិត្តភាព និងភាពស្រគត់ស្រគុំ។ វាត្រូវបានគេលាបដើម្បីចញ្ចៀសគ្រោះអាក្រក់នានា ព្រមទាំងរារាំងថាមពលវិជ្ជមានមិនឱ្យយាយីគេហដ្ឋាន។ ចំពោះការិយាល័យ ពណ៌ស៊ីជម្ពូ អាចនាំជោគលាភ ការងារដុះដាល និងនាំភ្ញៀវចូលហាងមិនដាច់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ក្នុងជីវិតគួរមានគ្រឿងអលង្ការទាំងនេះ ដើម្បីបង្កើនហុងស៊ុយនិងការពារពីភាពអវិជ្ជមានផ្សេងៗ
ចុចអាន៖ កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ