Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ​បាញ់​ស្រោចដ្រូននិងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក​នៅ​មជ្ឈិមបូព៌ា

បានផុស

នៅ

កងទ័ពប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ថា ខ្លួនបានបើកការវាយប្រហារដោយបាញ់​ស្រោចដ្រូនទ្រង់ទ្រាយមិនធ្លាប់​មាន​ ទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិកចំនួនពីរ នៅក្នុងប្រទេសគុយវ៉ែត។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB ភាគីយោធាបានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំឃ្លាំងរំសេវមួយកន្លែងនៅមូលដ្ឋានទ័ព Camp Al Adiri ព្រមទាំងបានវាយប្រហារលើប្រព័ន្ធការពារមីស៊ីល Patriot និងប្រព័ន្ធរ៉ាដាការពារដែនអាកាស នៅឯមូលដ្ឋានទ័ពអាកាស Ali Al Salem Air Base ផងដែរ។

ភ្លាមៗនោះ កងទ័ពប្រទេសគុយវ៉ែតបានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយបក ប្រឆាំងនឹងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ពីសំណាក់អ៊ីរ៉ង់ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះបានរងការបាញ់ស្រោចស្រពដោយគ្រាប់រំសេវពីសំណាក់សាធារណរដ្ឋឥស្លាម ដែលបានវាយប្រហារចំរោងចក្រថាមពល និងទីតាំងប្រេងកាតមួយកន្លែង។

ភាគីកងទ័ពគុយវ៉ែតបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត នាពេលបច្ចុប្បន្នកំពុងប្រឈមមុខនិងវាយបកទៅលើការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់សត្រូវ បន្ទាប់ពីមានការឈ្លានពានដ៏ខុសឆ្គងពីសំណាក់អ៊ីរ៉ង់»។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ផងដែរថា សំឡេងស៊ីរ៉ែនព្រមានអាសន្នបានបន្លឺឡើងទូទាំងប្រទេសគុយវ៉ែតហើយ។

អស់រយៈពេលជិតមួយសប្តាហ៍មកនេះ អាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់ ទៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់បានវាយបកវិញ ដោយការវាយប្រហារលើមូលដ្ឋាន និងទីតាំងយោធាដែលខ្លួនអះអាងថា អាមេរិកកំពុងប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ រួមទាំងប្រទេសគុយវ៉ែតផងដែរ។

ការកើនឡើងកម្តៅនៃជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នេះ បានកើតឡើងទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីខែមិថុនា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម