វប្បធម៌ ជំនឿ
កឋិនទាន ជាពិធីបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥ យ៉ាង
កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដងមានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយសង្ឃត្រូវក្រាលគ្រងឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែដោយមិនដាច់វស្សា ទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន។

អ្នកធ្វើទទួលបានអានិសង្ស៥យ៉ាងគឺ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មានទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈ(អ្នកទទួល) ក៏បានអានិសង្ស៥ដូចគ្នាគឺ ១.និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២. និមន្តទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។
ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវ បរិវារកឋិនរួមមាន សម្ភារថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។
បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង,ផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ,ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះមហាកុសលរបស់ខ្លួន។

ឆ្នាំនេះ កឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីឱ្យការរៀបចំ បុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឱ្យ ស្របទៅនឹងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ក្រសួងធម្មការ និងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម។
សូមយកព្រះទ័យ និងយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត សូមយកព្រះទ័យ និងយកចិត្តទុកដាក់ អនុវត្តអភិក្រម វត្ត ស៣ របស់ក្រសួងធម្មការនិងសាសនា(ស្អាត ស្វាង ស្ងប់) ឱ្យបានគ្រប់វត្តទូទាំងប្រទេស។
គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវថ្នល់ បូជនីយដ្ឋាន តុបតែងលម្អ បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក គតិលោក គតិធម៌ និងពុទ្ធភាសិតជាដើម។
គ្រប់វត្តអារាម ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែង រៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។ ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ឬធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា៕
ដោយ៖ ក្រសួងធម្មការ និងសាសនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


