Connect with us

សេដ្ឋកិច្ច

​សហគមន៍​នេសាទ​ការពារ​ព្រៃលិច​ទឹក​បឹងរាំង​ ទទួល​បាន​ជំនួយ​ឥត​សំណង​ ៣ ​ម៉ឺន​ដុល្លារ​

បានផុស

នៅ

សហគមន៍​នេសាទ​ការពារ​ព្រៃលិចទឹក​បឹងរាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបាន​ជំនួយ​​ឥត​សំណងចំនួនប្រមាណ ៣ ម៉ឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម ដើម្បី​ជា​ទុន​បដិភាគចំនួន៤០% ​ជូន​ដល់​សហគមន៍​ សម្រាប់​ប្រើប្រាស់​វិនិយោគ​លើ​បែ​ចិញ្ចឹម​ត្រីឆ្ពុង​ចំនួន១៣៨បែ ដែលនឹងបង្កើនសមត្ថភាពឱ្យសហគមន៍អាចពង្រីកផលិតកម្មត្រីឆ្ពុង ក្នុងបរិមាណ​ជាមធ្យម ៥០តោន ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ​ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​មានប្រសាសន៍ថា​ សហគមន៍​នេះ​គឺជា​សហគមន៍​វារីវប្បកម្មដំបូងគេ ដែលត្រូវបានគាំទ្រដោយគម្រោងពិពិធកម្ម ហើយ​ក្រុមការងារក៏កំពុងសិក្សាពិនិត្យលទ្ធភាពប្រែក្លាយសហគមន៍នេះឱ្យទៅជាសហគមន៍កសិកម្មទំនើបសម្រាប់​ការធ្វើវារីវប្បកម្មផងដែរ ដោយផ្តោតលើការផ្គត់ផ្គង់ធាតុចូលរួមគ្នា និងការលក់លក់គ្នា​ក្រោម​កិច្ចសន្យាទីផ្សារតែមួយផងដែរ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប នៅតាមបណ្ដាខេត្ត និងគ្របដណ្ដប់លើដំណាំ ដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេន។

​គិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ១៣ ត្រូវបានបង្កើត បន្ថែម​លើសហគមន៍​ដែលមានសម្រាប់ ២៦០១ សហគមន៍ និងត្រូវចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្នុងខេត្ត ៧ ដែល​មានខេត្តសៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្ដាល ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ លើ​មុខ​ដំណាំយុទ្ធសាស្ត្រចំនួន ៤ គឺ ណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១ ១៤២១ ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លារ។

​រាជរដ្ឋាភិបាលកម្ពុជាក៏​បានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ បន្ថែម​ទៀត ដើម្បី​​គាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុង​រយៈ​ពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណ​ភាពកសិកម្ម និង​ទី​ផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម