Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មម៉ាឡេស៊ី-អាមេរិក រងការរិះគន់ថា ​ធ្វើឱ្យ​បាត់បង់ឯករាជ្យភាពសេដ្ឋកិច្ចម៉ាឡេស៊ី

បានផុស

នៅ

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ម៉ាឡេស៊ី-សហរដ្ឋអាមេរិកថ្មីថ្មោង ដែល​មេដឹកនាំប្រទេសទាំង២បាន​ចុះហត្ថលេខាកាលពីថ្ងៃអាទិត្យនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន កំពុងរងការរិះគន់ខ្លាំង​ក្នុងស្រុកម៉ាឡេស៊ី ថាធ្វើឱ្យ​ប្រទេសបាត់បង់ «ឯករាជ្យសេដ្ឋកិច្ច»។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA និងកាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក​ Tengku Zafrul Abdul Aziz ​បាន​និយាយការពារ «កិច្ចព្រមព្រៀងបដិការ» នេះ។

ការរិះគន់កើតចេញពីចំណុចដ៏ចម្រូងចម្រាស់មួយ ដែល​តម្រូវឱ្យ​​​ម៉ាឡេស៊ី សម្របតាម​​ទណ្ឌកម្មពាណិជ្ជកម្ម ឬការរឹតបន្តឹងរបស់​អាមេរិក ​លើប្រទេសដទៃទៀត​។ អ្នករិះគន់និយាយថា ប្រការ​នេះ​ធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពយូរអង្វែងរបស់​ម៉ាឡេស៊ី។​

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Mohamed Azmin Ali បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិករឹតបន្តឹងការនាំចូលពីប្រទេសដូចជាចិន ឬរុស្ស៊ី ​នោះ​ម៉ាឡេស៊ីនឹងត្រូវបង្ខំឱ្យធ្វើតាម ​សូម្បីតែត្រូវខាតបង់សេដ្ឋកិច្ចខ្លួនក្ដី។

សារព័ត៌មានក្នុងស្រុង​​ Scoop បាន​ស្រង់សម្ដីរបស់លោក Azmin កាលពីថ្ងៃចន្ទ ដែលនិយាយថា ចំណុចចម្រូងចម្រាស់ ​«បង្ខំឱ្យ​ម៉ាឡេស៊ី​ជ្រើសរើសខាងក្នុង​ជម្លោះរបស់អ្នកដទៃ និងបំផ្លាញអព្យាក្រឹតភាពដែលជា​ភាពខ្លាំង​របស់យើងជាយូរមកហើយ» ដែល​នេះ​នឹង​​ខូចកេរ្តិ៍ឈ្មោះក្នុងកែវភ្នែកវិនិយោគិន។ ​

លោក Azmin បានអះអាងថា កិច្ចព្រមព្រៀងជាមួយ​អាមេរិក បាន​ដាក់​ម៉ាឡេស៊ីនៅកន្លែងដែលខ្លួនមិនអាចសម្រេចចិត្តផ្នែកសេដ្ឋកិច្ចសំខាន់ៗ ខណៈ​អាមេរិក​អាច​បត់បែន​បាន​ដើម្បី​ផលប្រយោជន៍ផ្ទាល់​ខ្លួន។ លោក​បន្តយ៉ាងដូច្នេះថា៖ «អ្វីដែលគេនិយាយគឺថា​ «ភាពជាដៃគូបដិការ» តែតាមពិតទៅ វាជាការបាត់បង់ឯករាជ្យភាពសេដ្ឋកិច្ច និងលំហគោលនយោបាយរបស់​យើង»។

​ចំណែកឯ លោក Hassan Abdul Karim សមាជិកសភា Pasir Gudang មកពីគណបក្ស Parti Keadilan Rakyat របស់លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ឯណោះវិញ បាន​យល់ស្របនឹង​លោក Azmin ដែលថា ​កិច្ចព្រមព្រៀង​នឹង​ប៉ះពាល់ដល់ឯករាជ្យភាពសេដ្ឋកិច្ចរបស់​ម៉ាឡេស៊ី ដោយថា​លះបង់ទៅអាមេរិក។

ទន្ទឹមនឹងនេះ អ្នកនយោបាយចាស់វស្សា​ពីគណបក្សសកម្មភាពប្រជាធិបតេយ្យ លោក​ Teng Chang Kim បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក អាន់វ៉ា ពន្យល់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ជាពិសេសលក្ខខណ្ឌដែលហាក់ដូចជាផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក។

ក្រៅពីចំណុចដែលតម្រូវឱ្យ​ម៉ាឡេស៊ីសម្របតាមអាមេរិក កិច្ចព្រមព្រៀងក៏បាន​លើកឡើងផងដែរថា ​ម៉ាឡេស៊ីត្រូវតែពិគ្រោះជាមួយ​អាមេរិក មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលថ្មីណាមួយជាមួយប្រទេស​ផ្សេងទៀតដែលអាច ​«ប៉ះពាល់​ផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក»។ ហើយប្រសិន​បើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាងម៉ាឡេស៊ីនិង​ប្រទេសណាមួយ​ ​គំរាមកំហែងដល់ «ផលប្រយោជន៍អាមេរិក» នោះម៉ាឡេស៊ីនឹង​ប្រឈមពន្ធខ្ពស់ ២៥% ដែល​ប្រកាសឡើងនៅខែមេសា។​​

ទោះបីជាយ៉ាង​ណាក៏ដោយ សារព័ត៌មាន​ FMT បានរាយការណ៍ថា លោករដ្ឋមន្រ្តី Tengku Zafrul បាននិយាយថា ​ម៉ាឡេស៊ីដាក់ទណ្ឌកម្ម ឬរឹតត្បឹតលើប្រទេសណាមួយ​តាម​អាមេរិក លុះត្រាវាពាក់ព័ន្ធនឹងកង្វល់ផ្នែកសេដ្ឋកិច្ច ឬសន្ដិសុខជាតិ ដែល​ម៉ាឡេស៊ី និងអាមេរិក​មានដូច​គ្នា «ប៉ុន្តែ​បើគ្មាន​ផលប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ច ឬសន្តិសុខជាតិរបស់​ម៉ាឡេស៊ីទេ យើងមិនចាំបាច់ពិចារណា (ធ្វើត្រាប់តាមសហរដ្ឋអាមេរិក) ទេ»។

ដោយឡែកពីគ្នានេះ​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​ម៉ាឡេស៊ី លោក Edgard Kagan ​បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ម៉ាឡេស៊ីមិនបានបោះបង់ឯករាជ្យ​ភាព​សេដ្ឋកិច្ចរបស់ខ្លួននោះទេ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទ្វេភាគី «មានប្រយោជន៍យ៉ាង​ធំសម្រាប់ប្រទេសទាំង២​»។

ឆ្លើយតបនឹង​ការរិះគន់ដូចគ្នា លោក អាន់វ៉ា បាន​ថ្លែងកាលពីថ្ងៃអង្គារថា ​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូយុទ្ធសាស្ត្រ បានគូសបញ្ជាក់ពីតួនាទីរបស់ប្លុកក្នុងការបង្កើតភាពជាមជ្ឈមណ្ឌល។

លោកបន្តយ៉ាងដូច្នេះថា៖ «​បើយើងខ្លាចសហរដ្ឋអាមេរិក តើ​យើងអាច​ចុះហត្ថលេខា (លើកិច្ចព្រមព្រៀង) ជាមួយ​ចិន ១ ថ្ងៃ ក្រោយ​ ត្រាំ ត្រឡប់ទៅវិញ បាន​ដោយរបៀបណា​?»។ លោកបន្តថា៖ ​«ការសម្រេចចិត្តដែលយើងធ្វើ គឺជាការសម្រេចចិត្តដែលការពារមុខមាត់ប្រទេស និងបម្រើផលប្រយោជន៍ជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទាក់ទងនឹងការវិនិយោគ និងសំខាន់បំផុត ក្នុងការនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន»។ ​

គួរគូសបញ្ជាក់ថា ម៉ាឡេស៊ី គឺជា​ប្រទេសអាស៊ាន​មួយក្នុងចំណោម៤ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​​កិច្ចប្រជុំកំពូលអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម