Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមទិញយន្តហោះ ប៊ូអីង ២០០ គ្រឿង តែតិចជាងការរំពឹងទុកឆ្ងាយ

បានផុស

នៅ

ប្រទេសចិនបាន​យល់ព្រមទិញយន្តហោះពីក្រុមហ៊ុនផលិតរបស់អាមេរិក ប៊ូអីង (Boeing) ចំនួន ២០០ គ្រឿង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់បណ្ដាញព័ត៌មាន​ Fox News យ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ អំឡុងទស្សនកិច្ចទៅទីក្រុងប៉េកាំង ប្រទេសចិន ដោយ​ជួបជាមួយមេដឹកនាំលោក ស៊ី ជីនពីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ចំនួនដដែល​គឺទាបជាងអ្វីដែល​​គេរំពឹងទុកឆ្ងាយ ដោយ​ប្រភព​មន្រ្តីអា​មេរិកបាន​​​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រប៉ុន្មានថ្ងៃមុនថា​ ចិនអាចបញ្ជាការទិញយន្តហោះប៊ូអីងរហូតដល់ទៅ ៥០០ គ្រឿង។

លោក ត្រាំ បាន​ថ្លែងប្រាប់ Fox News យ៉ាងដូច្នេះថា៖ «ចំណុចមួយដែលលោក(ស៊ី)បាន​យល់ព្រមថ្ងៃនេះ គឺថា លោកនឹង​បញ្ជាទិញយន្តហោះ ២០០ គ្រៀង។ វាគឺជាចំណុចដ៏សំខាន់ សម្រាប់ប៊ូអីង»។ លោកបន្ថែមថា៖ «ប៊ូអីង រំពឹងទុក ១៥០ គ្រឿង តែបាន ២០០ គ្រឿង»។ ​

មកទល់ពេលនេះ ព័ត៌មាន​លម្អិតបន្ថែមស្ដីពីការបញ្ជាទិញ មិនទាន់ត្រូវបាន​បង្ហាញនៅឡើយទេ រួមទាំងប្រភេទយន្តហោះ ប៉ុន្តែកន្លងមក មាន​សេចក្ដីរាយការណ៍ថា ចិនទំនងនឹង​ទិញ​ Boeing 737 MAX ។

មែនទែនទៅ ក្រុមហ៊ុន ​ប៊ូអីង មិន​ទទួលបាន​ការបញ្ជាទិញធំៗណាមួយពីចិនជិត ១ ទសវត្សមកហើយរាប់តាំងពីឆ្នាំ ២០១៧ មក ខណៈចិន​បាន​បង្កើនការទិញពីក្រុមហ៊ុនផលិតយន្តហោះនៅអឺរ៉ុប Airbus ដែលជាគូប្រជែងទៅវិញ។

គួរគូសបញ្ជាក់ថា លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអីង និងនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនយក្សអាមេរិក​ជាច្រើនរូបទៀត រួមទាំងលោក អេឡុន ម៉ាកស៍ ​របស់​ក្រុមហ៊ុន Tesla និង SpaceX កំពុងស្ថិតនៅទីក្រុងប៉េកាំងជាមួយលោក ត្រាំ ក្នុងទស្សនកិច្ចដ៏កក្រើនលើកនេះ។

​លោក Ortberg ​បាន​និយាយ​ក្នុងកិច្ចប្រជុំស្តីពីប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីខែមុនថា កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន អាចជា «ឱកាសដ៏មានអត្ថន័យសម្រាប់ពួកយើង» ដែលអាចរួមបញ្ចូលទាំង​ការបញ្ជាទិញយន្តហោះ។​ លោកបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំ​មិនប្រាប់អ្នកពីចំនួនយន្តហោះទេ ប៉ុន្តែវា​មាន​ចំនួនដ៏​ច្រើន»​៕

ក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅប្រទេសចិនក្នុងឆ្នាំ ២០១៧ ចិន​បាន​បញ្ជាទិញយន្តហោះ ប៊ូអីង ៣០០ គ្រឿង។

អ្នកវិភាគនិយាយថា ​បច្ចុប្បន្ន ចិន​ត្រូវការទិញ​យន្តហោះទាំងពី ប៊ូអីង និង Airbus ​ដើម្បីយកទៅប្រើប្រាស់តាម​កំណើនដ៏ខ្លាំងក្លានៃតម្រូវការ​អាកាសចរណ៍របស់ខ្លួន​។ ​អ្នកវិភាគជាច្រើនបាន​ប៉ាន់ប្រមាណថា ប្រទេសចិនត្រូវការបញ្ជាទិញយន្តហោះថ្មីរហូតដល់ ១ ០០០ គ្រឿងឥឡូវនេះ ហើយចំនួននេះ នឹងកើនដល់យ៉ាង​​ហោចណាស់ ៩ ០០០ គ្រឿង នៅឆ្នាំ ២០៤៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម