Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះតែ​សង្គ្រាម​អ៊ីរ៉ង់! អាមេរិក ដូរយុទ្ធសាស្ត្រធំ ត្រៀមផលិតមីស៊ីលតម្លៃថោកៗរាប់ម៉ឺនដើមវិញ

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិក កំពុងតែបោះជំហានយ៉ាងធំ​ ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធារបស់ខ្លួន ដោយគ្រោងនឹងបញ្ជាទិញមីស៊ីលគ្រូស តម្លៃថោក ចំនួន ១០ ០០០ដើម និងមីស៊ីលល្បឿនលឿនជាងសំឡេង ចំនួន ១២ ០០០ដើម បន្ថែមទៀត នៅចន្លោះឆ្នាំ ២០២៧ ដល់ ២០២៩។

(រូបថត៖ YOUTUBE SCREENSHOT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការចុះ​​​ផ្សាយ​នា​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៦ ​របស់គេហទំព័រ​យោធា​ដ៏ល្បី National Security Journal ការសម្រេចចិត្ត​នេះ ធ្វើឡើង បន្ទាប់ពីអាមេរិក ទទួលបានមេរៀនយ៉ាងចាស់ដៃ ពីប្រតិបត្តិការយោធា Operation Epic Fury កន្លងទៅ នៅ​ក្នុង​​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ចុង​ខែ​កុម្ភៈ ដែលបង្ហាញថា ឃ្លាំងគ្រាប់មីស៊ីលទំនើបៗរបស់ខ្លួន បានថយ​ចុះ​​លឿនជាងសមត្ថភាពផលិតរបស់រោងចក្រ នៅក្នុងស្ថានភាពសង្គ្រាមទ្រង់ទ្រាយធំ។

នៅក្នុងគម្រោងថ្មីនេះ មន្ទីរ​បញ្ចកោណ​ បានបង្កើតកម្មវិធីមួយឈ្មោះថា «មីស៊ីលតម្លៃថោកដាក់ក្នុងកុងតឺន័រ (Low-Cost Containerized Missile)» ដែលអនុញ្ញាតឱ្យគេអាចលាក់ និងបាញ់មីស៊ីល ចេញពីធុងកុងតឺន័រដឹកទំនិញធម្មតាបាន ទាំងនៅលើគោក និងនៅលើទឹក។ យុទ្ធសាស្ត្រនេះ គឺដើម្បីធ្វើឱ្យសត្រូវមានការភ័ន្តច្រឡំ និងពិបាកបែងចែកថា តើមួយណាជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលធម្មតា ហើយមួយណាជាអាវុធវាយប្រហាររបស់កងទ័ព។ ដើម្បីសម្រេចការងារនេះ អាមេរិក បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយោធាជំនាន់ថ្មីៗជាច្រើន ដើម្បីផលិតមីស៊ីលគំរូផ្សេងៗគ្នា ដែលមានទាំងលក្ខណៈងាយស្រួលផលិត ក្នុងបរិមាណច្រើន និងមានតម្លៃសមរម្យ។

មិនត្រឹមតែមីស៊ីលគ្រូសធម្មតាប៉ុណ្ណោះទេ សូម្បីតែអាវុធយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ដែលកន្លងមកត្រូវបានគេស្គាល់ថា មានតម្លៃថ្លៃកប់ពពកនោះ ក៏ត្រូវបានមន្ទីរ​បញ្ចកោណ​ជម្រុញឱ្យមានការផលិតក្នុងកម្រិតឧស្សាហកម្ម ពោលគឺផលិតឱ្យបានច្រើន និងថោកជាងមុនផងដែរ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាថ្មី អាមេរិក មានគោលដៅផលិតមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មីនេះ ឱ្យបានយ៉ាងតិច ៥០០ដើមក្នុងមួយឆ្នាំ នៅដំណាក់កាលដំបូង និងឈានទៅដល់ ១២ ០០០ដើម ក្នុងរយៈពេល៥ឆ្នាំ ដែលអាចបាញ់បានទាំងពីលើដីគោក និងពីលើឡានចម្បាំង ឬយន្តហោះចម្បាំងរបស់កងទ័ពជើងទឹក។

ការផ្លាស់ប្តូរដ៏សំខាន់នេះ បង្ហាញឱ្យឃើញថា អាមេរិកលែងផ្តោតតែទៅលើការមានអាវុធទំនើបៗបច្ចេកវិទ្យាខ្ពស់ ក្នុងចំនួនតិចតួចទៀតហើយ ប៉ុន្តែគឺបែរមកប្រើល្បិច «យកបរិមាណបង្ក្រាបសត្រូវ» វិញ មើលទៅដូចជានិន្នាការនៃការប្រើប្រាស់ដ្រូន ក្នុងសង្គ្រាមសម័យទំនើបអ៊ីចឹង​ដែរ។ ការត្រៀមលក្ខណៈបែបឧស្សាហកម្មយោធានេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ ចំពោះជម្លោះដែលអាចកើតមានឡើងនៅតំបន់ប៉ាស៊ីហ្វិក ព្រោះថា សង្គ្រាមនាពេលអនាគត អាចនឹងមិនមែនជាការប្រកួតប្រជែងខាងបច្ចេកវិទ្យាតែមួយមុខទៀតឡើយ ប៉ុន្តែវាជាការប្រកួតប្រជែងថា តើប្រទេសណាមានសមត្ថភាពផលិតអាវុធបានលឿន និងច្រើនជាងគ្នា ក្នុងពេលមានអាសន្ន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម