Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​រំពឹងថា ​អាមេរិកនឹងមិនតឹងតែងជាមួយខ្លួនលើការចរចាពាណិជ្ជកម្ម​​ទេ

បានផុស

នៅ

អ្នកជំនួញ និង​សេដ្ឋវិទូថៃ បាន​បង្ហាញ​សុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងមិនតឹងតែងលើការចរចាពាណិជ្ជកម្មជាមួយប្រទេសថៃទេ ដោយសារប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមនឹង​សម្ពាធនៃកំណើនអតិផរណា ដែលធ្វើឱ្យ​ពលរដ្ឋអាមេរិកបង្កើនការចំណាយសម្រាប់តម្លៃទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតបាងកកប៉ុស្តិ៍​ចុះផ្សាយ​ពីបញ្ហា​នេះកាលពីថ្ងៃអង្គារ ក្រោយ​មាន​សេចក្ដីរាយការណ៍ថា ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិកនៃរដ្ឋបាល ត្រាំ បាន​​ផ្អាក​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ថៃកាលពីសប្ដាហ៍មុន ដោយ​ទាមទារឱ្យថៃគោរពតាម​កិច្ចព្រមព្រៀងសន្តិភាពជាមួយ​កម្ពុជា​ បន្ទាប់់ពីថៃបាន​ប្រកាសផ្អាកកិច្ចព្រមព្រៀងដែលមាន​លោក ត្រាំ និងម៉ាឡេស៊ី​ជាសាក្សីមួយ​នេះ។

នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) លោក Burin Adulwattana បាន​រំពឹងថា លោក ត្រាំ នឹងបន្ថយពន្ធលើទំនិញនាំចូលបន្ថែម ដើម្បី​បញ្ចៀសផលប៉ះពាល់នៃពន្ធខ្ពស់លើអ្នកប្រើប្រាស់អាមេរិក។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បាន​ដកទំនិញកសិកម្មមួយ​ចំនួនចេញពីបញ្ជីជាប់ «ពន្ធបដិការ​»​ របស់ខ្លួន ដូចជាកាហ្វេ តែ ក្រូច ចេក ផ្លែឈើត្រូពិកផ្សេងៗ និងសាច់គោជាដើម។ លោក ត្រាំ និយាយ​ថា ទំនិញទាំងនេះមិនមាន​ផលិតឬដាំដុះនៅសហរដ្ឋអាមេរិកនោះទេ ដូច្នេះហើយទើបត្រូវដកវាចេញពីបញ្ជីពន្ធ។ យ៉ាងណាមិញ ការលើកលែងពន្ធនេះ ធ្វើឡើងចំពេលដែលរដ្ឋបាល ត្រាំ ប្រឈមមុខនឹងអតិផរណាខ្ពស់ ដែលធ្វើឱ្យ​​​តម្លៃនៃការរស់នៅ ឬការចំំណាយប្រចាំថ្ងៃសម្រាប់ការរស់នៅរបស់ពលរដ្ឋអាមេរិក​កើនឡើង។

លោក Burin បាន​ថ្លែងថា៖ «​តម្លៃនៃការរស់នៅបានកើនឡើងសម្រាប់អ្នកប្រើប្រាស់អាមេរិក។ ដូច្នេះ លោក ត្រាំ កំពុងមានអារម្មណ៍ថាមានសម្ពាធ​ត្រូវបន្ថយពន្ធលើទំនិញជាច្រើន ដែលជំរុញឱ្យយើងជឿថាលោក​អាចនឹងមានជំហរសម្របសម្រួលបន្ថែមទៀត​ ក្នុងការចរចាពាណិជ្ជកម្ម​ជាមួយប្រទេសថៃ»។

អនុប្រធានសហព័ន្ធនិយោជកនៃពាណិជ្ជកម្ម និងឧស្សាហកម្មថៃ លោក Tanit Sorat វិញ ក៏នៅតែមានសុទិដ្ឋិនិយមអំពីអនាគតនៃការនាំចេញរបស់ថៃទៅ​អាមេរិក ​ក្រោយ​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុន ​បាន​អះអាងថា ​លោក ត្រាំ បាន​ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថា ​អាមេរិក​មិនភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​កម្ពុជា-ថៃ ទៅនឹង​​ការចរចាពន្ធពាណិជ្ជកម្ម​ជាមួយថៃទេ។ ​

លោក Tanit បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ការហៅទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី(របស់ត្រាំ) គឺជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់​ផ្ដាច់បញ្ហា​ពាណិជ្ជកម្មចេញពីជម្លោះព្រំដែន។ ប៉ុន្តែយើងនៅតែត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីមើលថាតើសហរដ្ឋអាមេរិកនឹង​ប្រាកដជាមួយជំហរនេះឬអត់?»។

លោក Tanit បានជំរុញឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាពាណិជ្ជកម្ម និងជម្លោះព្រំដែនដោយប្រុងប្រយ័ត្ន ពីព្រោះសហរដ្ឋអាមេរិក គឺជាទីផ្សារ​នាំចេញ​ដ៏សំខាន់របស់ប្រទេស​។

ចំណែកឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas វិញ បាន​ថ្លែងថា ថៃនឹងបន្តការចរចាពាណិជ្ជកម្មជាមួយ​អាមេរិក ក្រោមក្របខណ្ឌបដិការដែលមានស្រាប់ ដូចដែលបានបញ្ជាក់រួចហើយ​ពីលោក អានុទីន ថាអាមេរិកផ្ដាច់បញ្ហាពាណិជ្ជកម្ម​ពីជម្លោះព្រំដែនជាមួយ​កម្ពុជា។

លោក​បន្តថា លោកបានណែនាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ដែល​កំពុងស្ថិត​នៅ​អាមេរិក ​ឱ្យ​ពន្យល់ពីស្ថានភាពនយោបាយរបស់ប្រទេសថៃទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រសិនបើអាចធ្វើទៅបាន និងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់​ថៃចំពោះការចរចា។

គួរគូសបញ្ជាក់ថា ​ការផ្អាកចរចាពាណិជ្ជកម្ម​​ជាមួយ​ថៃរបស់អាមេរិក​​ បាន​ក្លាយជាប្រធានបទក្ដៅ ដែលបង្កក្ដីកង្វល់ក្នុងចំណោមអាជីវកម្មថៃ ដែល​ប្រឈមមុខនឹង​បញ្ហា​សេដ្ឋកិច្ចយឺតយ៉ាវក្នុងស្រុករួចទៅហើយ​។ វាកើតឡើង ក្រោយ​ផ្អាកកិច្ចព្រមព្រៀងសន្តិសុខភាពជាមួយកម្ពុជា ហើយ​​លោក អានុទីន និយាយក្នុងន័យថា លោកមិនខ្វល់ពីការដាក់ពន្ធរបស់អាមេរិកទេ ទោះ ១០០% ក៏ដោយ​។

នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទំនិញរវាងសហរដ្ឋអាមេរិក និងថៃ មានចំនួនសរុប ៨១,២ ​ប៊ីលានដុល្លារ។ ​ថៃបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងតម្លៃ ៦៣,៣ ​ប៊ីលានដុល្លារ ដែលបង្កើតអតិរេកពាណិជ្ជកម្ម​​សម្រាប់ថៃប្រមាណ ៤៥,៥ ​ប៊ីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម