ព័ត៌មានអន្ដរជាតិ
ជម្លោះមជ្ឈិមបូព៌ាបង្កការរំខានខ្លាំងដល់វិស័យអាកាសចរណ៍សកល ដោយជើងហោះហើររាប់ពាន់ត្រូវលុបចោល
ជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារអ៊ីរ៉់ង់ កំពុងបង្កផលប៉ះពាល់ដល់អាកាសចរណ៍អន្តរជាតិ ដោយជើងហោះហើររាប់ពាន់តភ្ជាប់តំបន់ពីអាស៊ី និងអឺរ៉ុប ត្រូវបានលុបចោលក្រោមកង្វល់សុវត្ថិភាព និងការបិទដែនអាកាសទូទាំងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គិតត្រឹមថ្ងៃអាទិត្យ ជម្លោះនៅតែបង្កការរំខានធ្ងន់ធ្ងរ ដែលធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗនៅមជ្ឈិមបូព៌ាត្រូវបិទប្រតិបត្តិការ រួមទាំងអាកាសយានដ្ឋាននៃទីក្រុង ដូបៃ របស់អារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតលើពិភពលោក។
ចូលដល់ថ្ងៃទី៣នៃជម្លោះ គិតត្រឹមព្រឹកថ្ងៃចន្ទ (២ មីនា) នេះ ក៏មិនទាន់មានសេចក្ដីរាយការណ៍អំពីការបើកប្រតិបត្តិការវិញដែរ ដែលវាបង្ហាញពីផលរំខាន់ដ៏ធ្ងន់ធ្ងរក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ផលប៉ះពាល់នៃបញ្ហានេះ កំពុងរាលដាលឆ្ងាយហួសពីមជ្ឈិមបូព៌ា ដោយអ្នកដំណើររាប់ម៉ឺននាក់បានជាប់គាំងរហូតដល់កោះបាលី (ឥណ្ឌូណេស៊ី) កាត់ម៉ាន់ឌូ (នេប៉ាល់) ហ្វ្រែងហ្វត (អាល្លឺម៉ង់) និងហូជីមិញ (វៀតណាម)ជាដើម។
ដើម្បីជាផ្នែកមួយនៃការវាយប្រហារសងសឹករបស់ខ្លួន អ៊ីរ៉ង់បានកំណត់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិឌូបៃ អាកាសយានដ្ឋាននៅអាប៊ូដាប៊ី និងគុយវ៉ែតជាដើម។
ទិន្នន័យនៅលើវេទិកាតាមដានជើងហោះហើរ FlightAware បង្ហាញថា ជើងហោះហើររាប់ពាន់ជើងត្រូវបានរងផលប៉ះពាល់នៅទូទាំងមជ្ឈិមបូព៌ា ខណៈទិន្នន័យរបស់ Flightradar24 បានបង្ហាញនៅថ្ងៃអាទិត្យ និងបន្តដល់ព្រឹកថ្ងៃចន្ទថា ដែនអាកាសរបស់អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អ៊ីស្រាអែល បារ៉ែន អារ៉ាប់រួម និងកាតា នៅទទេស្អាត គ្មានយន្តហោះហើរកាត់។
Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេបំផុតរបស់ពិភពលោក បានប្រកាសពីការផ្អាកប្រតិបត្តិការទាំងអស់ទៅ និងមកពីទីក្រុងឌូបៃ រហូតដល់ថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ឯណោះវិញ ដែលបានផ្អាកប្រតិបត្តិការទាំងអស់ដូចគ្នា ដោយនិយាយថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅថ្ងៃចន្ទ។ ក្រុមហ៊ុន Lufthansa របស់អាល្លឺម៉ង់ បានបន្តផ្អាកជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ាដល់ថ្ងៃទី ៨ ខែមីនា។

ក្រុមហ៊ុនវិភាគ Cirium បាននិយាយថា ជើងហោះហើរប្រហែល ៤ ០០០ ជើង គ្រោងចុះក្នុងតំបន់នៅថ្ងៃអាទិត្យ ប៉ុន្តែត្រូវជាប់គាំង។
ទីក្រុងឌូបៃ និងទីក្រុងដូហា គឺជាចំណុចប្រសព្វនៃការធ្វើដំណើរតាមផ្លូវអាកាសកើត-លិច ដោយតភ្ជាប់រវាងអឺរ៉ុប និងអាស៊ីក្រោយកាលវិភាគដ៏ទៀតទាត់។ ក្រោយជម្លោះផ្ទុះឡើងនៅថ្ងៃសៅរ៍ ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ាបានលុបចោល ឬប្តូរផ្លូវហោះហើរ ដើម្បីជៀសវាងដែនអាកាសបិទ ឬរឹតត្បិត ដែលធ្វើឱ្យការធ្វើដំណើរកាន់តែវែង និងបង្កើនថ្លៃប្រេងឥន្ធនៈ។
អ្នកវិភាគវិស័យអាកាសចរណ៍បានឱ្យដឹងថា តំបន់មជ្ឈិមបូព៌ា និងក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ធ្លាប់រងការរំខានដល់ការធ្វើដំណើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែការបិទផ្លូវអាកាសរយៈពេលយូរបែបនេះ ពោលគឺលើសពី ២៤ ម៉ោង និងការបិទមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗទាំង៣របស់តំបន់ឈូងសមុទ្រពែរ្ស គឺមិនធ្លាប់មានពីមុនមកទេ។
តំបន់ឈូងសមុទ្រពែរ្សក៏ជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ ដែលដាក់សម្ពាធបន្ថែមទៀតលើផ្លូវពាណិជ្ជកម្ម បន្ថែមពីលើការរំខាននៅលើសមុទ្រ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍នានាបាននិយាយថា ក្រុមនាវិក និងអ្នកបើកយន្តហោះឥឡូវនេះត្រូវបានជាប់គាំងខ្ចាត់ខ្ចាយពាសពេញពិភពលោក ដែលធ្វើឱ្យដំណើរការបន្តជើងហោះហើរឡើងវិញ ប្រឈមនឹងភាពស្មុគស្មាញនៅពេលដែលដែនអាកាសបើកឡើងវិញ។
លើសពីនោះ ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក ក៏ប្រឈមមុខនឹងតម្លៃប្រេងខ្ពស់ បន្ទាប់ពីប្រេងប្រេងឆៅម៉ាក Brent បានកើនឡើងលើស ៨០ ដុល្លារ/បារ៉ែល ពេលបើកការជួញដូរនៅថ្ងៃសុក្រ ខណៈវិភាគខ្លះរំពឹងថា វាអាចកើនដល់ ១០០ ដុល្លារ/បារ៉ែល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


