Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជា សាកល្បងនាំចេញសំបកកង់រថយន្ត ទៅកាន់ទីផ្សារវៀតណាមលើក​ដំបូង

បានផុស

នៅ

ក្រុមហ៊ុនផលិតសំបកកង់រថយន្ត នៅក្នុងប្រទេសកម្ពុជា បានសាកល្បងនាំចេញសំបកកង់រថយន្ត ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសវៀតណាម​ចំនួន ៨០ គ្រាប់។ សំបកកង់រថយន្តនេះ ផលិតឡើងដោយក្រុមហ៊ុន Cart Tire Co., Ltd ដែលមានរោងចក្រ លើផ្ទៃដីទំហំ ៥០ ហិកតានៅក្រុងបាវិតខេត្តស្វាយរៀង និងមានទុនវិនិយោគក្នុងទឹកប្រាក់ ៣៥០លានដុល្លារអាមេរិក។ នេះបើយោងតាមលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។   

រោងចក្រនេះ បានចាប់ផ្ដើមសាងសង់ពីខែមករា ឆ្នាំ ២០២១ មកដល់ពេលនេះបានរួចរាល់ហើយ នឹងកំពុងនាំចេញសាកល្បងជាបណ្ដើរៗ នូវកង់រថយន្ដជាជំហានដំបូង។ ការសាកល្បងនាំចេញសំបកកង់រថយន្តនេះ ជារឿងអបអរសាទរមួយ សម្រាប់ទីផ្សារកៅស៊ូកម្ពុជា ដែលអាចលក់នៅក្នុងស្រុកបាន ស្របពេលដែលច្បាប់វិនិយោគថ្មី លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យចំការកៅស៊ូអាចផ្គត់ផ្គង់ ជូនរោងចក្របាន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងថា ក្រុមហ៊ុនផលិតសំបកកង់រថយន្តនេះ នឹងទិញកៅស៊ូក្នុងស្រុក ហើយធ្វើការកែច្នៃទៅជាសំបកកង់ដែលនេះជាគោលបំណង នៃការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានការកែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមាន ទៅជាទំនិញដើម្បីនាំចេញ ជៀសវាងនាំចេញជាវត្ថុធាតុដើម មុនធ្វើការកែច្នៃ ហើយការកែច្នៃនេះជាការបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ ផងដែរ។

លោក សុខ ចិន្តាសោភា បានឲ្យដឹងថា ការសាកល្បងនាំចេញកង់រថយន្ដ ជាជំហានដំបូងនេះ គឺបាននាំចេញសំបកកង់រថយន្តចំនួន ៨០គ្រាប់ ទៅកាន់ប្រទេសវៀតណាម ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃ បានប្រមាណ ១០០០គ្រាប់។ ទីផ្សារធំសម្រាប់ការនាំចេញ សំបកកង់រថយន្ដរបស់ក្រុមហ៊ុន Cart Tire Co., Ltd គឺសហ រដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

សូមជម្រាបថា ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគ នៅប្រទេស វៀតណាមតាំងពីឆ្នាំ ២០១១។ ក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុនជាក្រុមហ៊ុន Sailun International Holding (Hong Kong) Co.,Ltd ចុះបញ្ជីនៅសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នរោងចក្រនេះ កំពុងប្រើប្រាស់កម្លាំងពលកម្មជាង ៣០០នាក់។

ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចាក់ថា ខ្លួននឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០ភាគរយ សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្ត។ ដោយនៅឆ្នាំទី ១ ក្រុមហ៊ុនត្រូវការកៅស៊ូប្រមាណ ៥០,០០០តោន ហើយនៅឆ្នាំទី ៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០,០០០តោន ស្មើនឹងប្រមាណ ៤៣ភាគរយ នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ ២០២០៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម