Connect with us

សេដ្ឋកិច្ច

កត្តា២ ធ្វើ​ឲ្យ​ការវិនិយោគនៅ​កម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា

បានផុស

នៅ

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ​លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ ព្រេមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។

លោកកើត ឆែ បានមានប្រសាសន៍ថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញ​ឲ្យ​ឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានគៀងគរ អ្នកវិនិយោគឲ្យ​មកវិនិយោគនៅកម្ពុជាឲ្យ​មានការរីកចំរើន។ ៤៣ឆ្នាំនេះភ្នំពេញ បានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ។

លោកកើត ឆែ បានបន្តទៀតថា ​បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ ។ គេមិនអាចយកលុយមករកស៊ីដោយភាពប្រថុយប្រថាននោះទេ ។ ចំពោះកត្តាស្ថិរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ចុច ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែ បរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ។

លោកអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បន្តទៀតថា វិស័យឯកជន ជាដៃគូមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ដើម្បីរក្សាបាននូវភាពរឹងមាំជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន។

លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍ដែរថា គម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសអោយធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងមណ្ឌលពាណិជ្ជកម្មក្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម