សេដ្ឋកិច្ច
អាជីវករ អះអាងថា ទំនិញលើទីផ្សារមិនឡើងថ្លៃ នៅថ្ងៃសែនក្បាលទឹកនេះ
ក្រុមអាជីវករ មមាញឹកខ្លាំងក្នុងការលក់ដូររបស់ខ្លួន ដោយសារមានអតិថិជនច្រើន ជាពិសេសពលរដ្ឋដែលជាប់សែស្រឡាយចិន សម្រុកទិញអីវ៉ាន់ ដើម្បីសែនក្បាលទឹកនៅថ្ងៃទី ១២ ខែ សីហានេះ។
អាជីវករលើកឡើងថា ទោះជាមានអតិថិជនច្រើន ខុសពីថ្ងៃធម្មតាយ៉ាងណាក្តី ក៏តម្លៃទំនិញគ្រប់មុខនៅដដែល ពោលគឺមិនមានការឡើងថ្លៃនោះទេ។

អាជីវករនៅផ្សារទួលទំពូង អ្នកស្រី ធី ចិន្តា ដែលជាអ្នកលក់បន្លែនៅផ្សារ បានប្រាប់”កម្ពុជាថ្មី” ថា នៅថ្ងៃមានពិធីបុណ្យទានម្តងៗ លក់ដាច់ខ្លាំង។ ជាក់ស្តែង ដូចជាថ្ងៃនេះជាដើម គឺជាថ្ងៃសែនក្បាលទឹករបស់បងប្អូនខ្មែរ ជាប់សែស្រឡាយចិន នាំគ្នាសែន។ អ្នកស្រី ចិន្តា អះអាងថា បើទោះបីជាមានតម្រូវការច្រើនយ៉ាងណាក៏ដោយ ក៏អ្នកស្រី មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញឡើយ។ ពោលគឺរក្សាតម្លៃដូចថ្ងៃធម្មតា។

ចំណែក អ្នកស្រី វ៉ាន់នី ជាអាជីវករមួយរួបដែរ បានលើកឡើងថា នៅរដូវសែនក្បាលទឹកនេះ នំពងទាលក់ដាច់ខ្លាំងជាងគេ ព្រោះជាគ្រឿងដែលតម្រូវឱ្យមានក្នុងពិសែនក្បាលទឹកនេះ។ អ្នកស្រីបន្ថែមថា នំពងទាទំហំតូច មានតម្លៃ ២០០០រៀល ខ្នាតកណ្តាល ៦០០០រៀល និងនំខ្នាតធំតម្លៃ ១៥០០០រៀល។

អាជីវករមួយរូបទៀត នៅផ្សារទូលទំពូង សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លក់ដាច់ខ្លាំង។ អតិថិជនភាគច្រើន សម្រុកទិញ នាំពងទា មី គុយទាវ សម្រាប់ធ្វើម្ហូបសែនក្បាលទឹក។ មិនខុសពីអាជីវករខាងលើ អ្នកស្រី បានលើកឡើងដូច្នេះថា« ខ្ញុំលក់ដូរទំនិញច្រើនមុខ ហើយទំនិញទាំងអស់ លក់ក្នុងតម្លៃធម្មតា មិនមានការដំឡើងថ្លៃនោះទេ មានន័យថា ខ្ញុំមិនឆ្លៀតឱកាសគេកំពុងត្រូវការ ខ្ញុំឡើងថ្លៃឡើយ»។

ទោះយ៉ាងណា ផ្ទុយពីការលើកឡើងរបស់អជីវករ អ្នកស្រី ផៃ តឿ ជាពលរដ្ឋមួយរូប ជាប់សែស្រឡាយចិន បានអះអាងថា ទំនិញនៅលើទីផ្សារភាគច្រើនឡើងថ្លៃគ្រប់មុខ។ ជាក់ស្តែង អ្នកស្រី លើកឡើងថា ថ្ងៃធម្មតានាំពងទាខ្នាតធំតម្លៃ ១ម៉ឺនរៀល តែថ្ងៃបុណ្យទាន ជាពិសេសថ្ងៃសែនក្បាលទឹកនេះ ឡើងថ្លៃ ១ម៉ឺន ៥ពាន់រៀល ពោលគឺឡើង ៥ពាន់រៀល។ ក្រៅពីនំពងទា អ្នកស្រី បញ្ជាក់ថា ទំនិញដទៃក៏ឡើងដូចគ្នា។
បុណ្យសែនក្បាលទឹក ជាទំនៀមមួយរស់ជនជាតិចិន វៀតណាម។ ប៉ុន្តែមានប្រទេសជាច្រើន នៅអាស៊ីដែលប្រារព្ធពិធីនេះ ដោយសារតែមានវត្តមានរបស់ប្រជាជនចិន វៀតណាម ឬប្រជាជនដែលជាប់សាច់ឈាម នឹងជនជាតិទាំងពីរនេះ។ បុណ្យសែនក្បាលទឹក ជាឈ្មោះពិធីបុណ្យដែលប្រជាជនខ្មែរហៅសម្គាល់ពិធីបុណ្យសែនឱ្យខ្មោច(ខ្មោចដែលអត់ឃ្លាន) ដែលមានអត្ថន័យស្រដៀង នឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរដែរ។ ពិធីបុណ្យនេះ ប្រារព្ធឡើងនៅថ្ងៃ ១៥កើត ខែទី ៧របស់ច័ន្ទគតិ ដែលស្ថិតនៅក្នុងខែសីហា ក្នុងប្រតិទិនសុរិយគតិ។ ក្នុងថ្ងៃនេះ ប្រជាជនចិន វៀតណាម និងអ្នកជាប់សែលោហិតចិន ធ្វើការគោរពដូនតា ហើយក៏រៀបចំគ្រឿងសំណែនជាច្រើនថ្វាយចំពោះព្រលឹងដែលវង្វេងនៅលើផែនដីនេះ។

ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន៕ អត្ថបទ៖ នាង រតនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ