សេដ្ឋកិច្ច
កសិករបណ្ដុះផ្សិតចំបើង ដើម្បីផលិតបន្លែសរីរាង្គឲ្យបានច្រើន តម្រូវទីផ្សារ
កសិករនៅភូមិឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង អនុវត្តគម្រោងសាកវប្បកម្មកម្ពុជា បណ្ដុះផ្សិតចំបើងបន្លែសរីរាង្គ ទទួលទិន្នផលខ្ពស់ តម្រូវទីផ្សារបញ្ជាទិញច្រើន អាចរកចំណូលបានជាងដាំបន្លែផ្សេងៗទៀត។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ជំរុញកសិករ ដែលមានផ្ទៃដី និងលទ្ធភាព សូមឲ្យបង្កើតផលរបរចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ បណ្ដុះផ្សិត ដើម្បីកែប្រែជីវភាពរស់នៅបានធូរធារ។

លោកបន្តថា មុខរបរទាំងនេះ វាមិនទាមទារឲ្យមានផ្ទៃដីធំដុំទេ សំខាន់ឈរលើកត្តាច្នៃប្រឌិត ប្រឹងប្រែង ព្យាយាម និងខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។ ពិសេសឥឡូវ ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល គ្រប់ភូមិ គ្រប់ឃុំ តែងតែមានមន្ត្រីកសិកម្មទទួលបន្ទុក យើងអាចទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានពីមន្ត្រីបច្ចេកទេសយើងបាន។ ចំពោះខ្ញុំ ខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែង ហើយខ្ញុំនឹងសំណូមពរ ពាំនាំនូវស្នាដៃនេះទៅចែកជូនដល់កសិករផ្សេងៗទៀត។

លោក ឈឹម សិទ្ធ កសិករមានមុខរបរបណ្ដុះផ្សិតចំបើង នៅភូមិឃុំកំភុន ស្រុកសេសាន បានទទួលស្គាល់ថា ភាពឧស្សាហ៍ព្យាយាមពិតជាទទួលបានជោគជ័យ។ បច្ចុប្បន្ន លោក កំពុងពង្រីករោងបណ្ដុះផ្សិតចំបើងបន្ថែមទៀត ដើម្បីផលិតឲ្យបានច្រើន សម្រាប់នាំចេញទៅលក់នៅទីផ្សារ បានប្រកួតប្រជែងជាមួយបន្លែនាំចូលពីតំបន់ផ្សេងៗផង។

លោកបន្តថា បច្ចេកទេសបណ្ដុះផ្សិតចំបើង លោក អាចបង្ហាត់បង្ហាញដល់កសិករផ្សេងៗទៀតបានប្រសិនពួកគាត់ចង់ចេះ និងមកសិក្សានៅទីតាំងផ្ទាល់ ដែលកំពុងអនុវត្តជាក់ស្ដែងនេះ។
លោកបន្ថែមថា ពីដំបូងផ្អាប់ចំបើងក្នុងរយៈពេលចាប់ពី ៥ ថ្ងៃ ទៅដល់ ១០ ថ្ងៃ បន្ទាប់មកយកមកមូរដាក់ក្នុងរោង ហើយយើងមានជីកំប៉ុស ជាអាហាររបស់វា ដូចជា សំដីស្រូវ ចំបើង សំបកផ្លែសណ្ដែកសៀង មានកន្ទក់ ចុងអង្ករ យើងលាយបញ្ចូលគ្នា ហើយយកទៅផ្អាប់រយៈពេលមួយយប់មួយថ្ងៃ ទៅដាក់លើចំបើង ហើយបានយើងយកវាទៅចំហុយក្នុងរយៈពេល ៥ ម៉ោង ទុកវាឲ្យត្រជាក់មួយយប់មួយថ្ងៃ ទើបដាក់មេផ្សិតចំបើងនឹងចូល។

លោក កែវ ជឿន កសិករដាំដំណាំបន្លែ នៅភូមិកាតតូត បញ្ជាក់ថា បច្ចុប្បន្នកសិករនាំគ្នាដាំបន្លែច្រើនគ្នា និងខ្លះទៀតផ្លាស់ប្ដូរទម្លាប់ការដាំដុះ គ្រាន់តែកសិករមួយចំនួនពុំទាន់បានសិក្សាបច្ចេកទេសច្បាស់លាស់ ហើយខ្លះទៀត ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នាំយកបច្ចេកទេសថ្មីនេះទៅអនុវត្តនៅឡើយទេ។
លោកថា ការដាំបន្លែជាកត្តាចម្បងក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយការទៅដើរស៊ីឈ្នួលលក់កម្លាំងពលកម្ម ការពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកធ្វើនេសាទដែលនាំឲ្យជួបហានិភ័យផ្សេងៗក្នុងរដូវបិទនេសាទ។

សូមបញ្ជាក់ថា ការផលិតបន្លែសរីរាង្គ កសិករខេត្តស្ទឹងត្រែង ផលិតបានលើផ្ទៃដីប្រមាណតែជិត ៦០០ ហិកតាប៉ុណ្ណោះ។ បើគិតជាភាគរយបានតែជាង ១២% ក្នុងផែនការប្រចាំឆ្នាំ ចំនួន ៤.៩២០ ហិកតា ដោយសារតែផ្ទៃដីមួយចំនួន កសិករ បង្វែរពីដាំបន្លែទៅដាំដំណាំរួមផ្សំវិញ ដូចជា ឪឡឹក- តាសក់ស្រូវ- ពោត- ដំឡូងជ្វា -សណ្តែកបាយ និងល្ង ជាដើម ដែលធ្វើឲ្យការផលិតបន្លែមានបរិមាណថយចុះ នៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ៕
អត្ថបទ ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


