Connect with us

សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញបង្កើនការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ក្នុងស្រុក ដើម្បីផ្តល់អាហារូបត្ថម្ភដល់ពលរដ្ឋខ្មែរ

បានផុស

នៅ

រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល បានជំរុញ និងយកចិត្តទុកដាក់ផ្តល់សិទ្ធិវិនិយោគទាំង​ក្រុមហ៊ុនធំ និងតូច លើការផលិតទឹកដោះគោស្រស់ដែលមានគុណភាព ដើម្បីអភិវឌ្ឍសុខភាពតាមរយៈការ​ពង្រីកអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋទូទៅ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះ នៅក្នុងដំណើរ​ទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ ដែលជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំជាងគេ និងបច្ចេកទេស​ទំនើប​បំផុតនៅកម្ពុជា នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានសិក្សាស្វែងយល់នៅផ្នែកនីមួយៗ នៃសង្វាក់ផលិតកម្ម​ចិញ្ចឹមគោតាំងពីដើមដល់ចប់ ដោយ​ផ្ដើមពី​​​ផ្នែកដាំដុះច្រូតកាត់​ស្មៅដោយ​​ម៉ាស៊ីនគ្រឿងចក្រ ផ្នែក​ចម្ការពោត ចម្ការ​ស្មៅម៉ុមបាសាស្រោចស្រពដោយប្រព័ន្ធ​ទឹក​​ស្វ័យ​ប្រវត្តិ​ ការ​កែច្នៃចំណី​សត្វ​សម្បូរ​ជីវជាតិ ការ​កែច្នៃ​ផលិត​ រហូត​ដល់ច្រកដបវេចខ្ចប់ជាផលិតផល​សម្រេច។

លោក ឌិត ទីណា បាន​លើកឡើងថា «ការចិញ្ចឹមគោយកទឹកដោះ ស្របតាមបច្ចេកទេសរបស់ប្រទេសអ៊ីស្រាអែល​ដែលមានបច្ចេកទេសច្បាស់លាស់នេះ បានជួយពង្រីកអាហាររូបត្ថមល្អសម្រាប់ប្រជាពលរដ្ឋ ដោយធ្វើឲ្យក្មេងៗ​ធំធាត់ក្លាយទៅជាកីឡាករ អាចក្លាយជាអ្នកស្រាវជ្រាវដែលមានខួរក្បាលល្អ នៅពេលដែលពួកគេទទួល​បានអាហារូបត្ថម្ភគ្រប់គ្រាន់តាំងពីតូច។ ដូច្នេះ​ការអនុញ្ញាត​ឲ្យមានការវិនិយោគលើទឹកដោះគោ គឺជាផ្នែកមួយ​សំខាន់ណាស់។ នេះជាការបន្ថែមរបស់លោក ឌិត ទីណា។

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលោក តាន់ ផាន់ណារ៉ា បានឲ្យដឹងថា កសិដ្ឋាន​គិរីសួគ៌ គឺ​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលធំជាងគេ​ក្នុង​ចំណោម​កសិដ្ឋាន​ ៤ ទៅ ៥កន្លែងនៅទូទាំង​ប្រទេសកម្ពុជា។ លោកបានលើកឡើងដូច្នេះថា «នៅកន្លែងនេះកសិដ្ឋានធំជាងគេ ហើយល្អជាងគេ ព្រោះអនាម័យ គឺវាត្រូវទៅតាមស្ដង់ដាររបស់គេ គឺមាន GMP និង HACPP ទៀត មានន័យថា ស្របទៅតាមស្ដង់​ដារអន្ដរជាតិហើយ»។

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ បានឲ្យដឹងថា កសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះ​គិរីសួគ៌​​ស្ថិត​នៅ​ភូមិ​ឱភាសាំង ឃុំ​កណ្ដឹង ស្រុកបាទី ខេត្ត​តាកែវ បានដំណើរការ​រយៈពេលជាង ៤​ឆ្នាំមកហើយ​តាំងពីផ្ដើមការ​សាងសង់​រហូត​ដល់ទទួល​បានតំណក់ទឹកដោះគោដំបូង។ កសិដ្ឋាន​ក៏​បានលក់​ចែកចាយផលិតផល​របស់ខ្លួន​មានទឹកដោះគោស្រស់ និង​យ៉ាអួ ច្រើនរសជាតិ នៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ប្រហែលបីពាន់​កន្លែង​ ដោយ​​ទទួល​បានការគាំទ្រ​យ៉ាងខ្លាំង។

លោក ជី សិលា បាន​បន្ត​ថា៖ «យើង​គិត​ថា វា​ជាការ​ជោគជ័យ​មួយជំហាន​ ដែលយើង​បាន​ឈរ​ក្នុង​នាមជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ហើយ​ក៏ជា​កសិដ្ឋាន​ផលិតទឹកដោះគោទី១ ​ដែលយើង​មានទំហំចែកធំ ហើយ​មានការផលិតធំ»។

លោក​បាន​បញ្ជាក់ទៀតថា៖ «យើង​មិនត្រឹម​តែ​ថា​ប្រើម៉ាស៊ីនច្រើនទេ យើង​ថែមទាំង​ប្រើផ្នែក Big Data Technology ដូចជា AI ដើម្បី​ឱ្យដឹង​ថា ​គោមានជំងឺ ឬ​ក៏សុខភាពល្អ​ ឬ​ក៏​ផឹកទឹក មិនផឹកទឹក​ ហើយ​សូម្បី​តែ​ការ​ស្រោចស្រព​ដំណាំ​របស់​យើង​គឺ​យើង​ប្រើ​បច្ចេកវិទ្យា​តាម IOT ( Internet of Thing)»។

សូមបញ្ជាក់ថា សត្វគោដែល​ចិញ្ចឹម​នៅ​កសិដ្ឋានគិរីសួគ៌ ត្រូវ​បាន​​ដឹកតាមយន្តហោះ​ពីអូស្ត្រាលី​ចំនួន​ ៥០០​ជាង​ក្បាលមកកម្ពុជា​។ មក​ដល់សព្វ​ថ្ងៃនេះ​ សត្វ​គោ​បានកើតកូន​ចៅរហូត​ដល់​ជំនាន់ទី​៣ហើយ ដោយចំនួនសរុប​មានជាង ១ពាន់ក្បាល។

បើតាមលោក ជី សិលា ក្នុង​១​ថ្ងៃ កសិដ្ឋានគិរីសួគ៌​​ផលិតទឹកដោះគោស្រស់ ​បាន​ប្រហែលពី​ ១២០០០ ទៅ ១៥០០០​លីត្រ​ ដើម្បី​ឆ្លើយតប​ទៅនឹងកំណើន​​​តម្រូវការ​ទីផ្សារ។ ថ្មីៗ​នេះក្រុមហ៊ុនខ្មែរ​ហ្វ្រេស មីល ឯ.ក បានផលិតនូវប័រ និង​ក្រែមទឹកដោះគោ ហើយ​ក៏គ្រោង​នឹង​ផលិត​ទឹកដោះគោ​រក្សាទុកបាន​ និង​យ៉ាអួ​ប្រភេទ​ផឹកបានផងដែរ។

លោក ជី សិលា បានសង្កត់ធ្ងន់​ថា៖ «ក្ដីស្រមៃរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំ​ចង់​ឱ្យមាន​ឱកាសអញ្ជើញថ្នាក់ដឹកនាំ រដ្ឋមន្ត្រីឱ្យ​បានកាន់តែច្រើន ឱ្យ​បាន​ចូលរួម​ ជាពិសេ​ស​រដ្ឋមន្ត្រីក្រសួងកសិកម្ម បើអាច​សម្ដេច​នាយករដ្ឋមន្ត្រីលោក​អាចមក​ទស្សនកិច្ច​នៅកសិដ្ឋានទឹកដោះគោយើងគឺកាន់តែប្រពៃមែនទែន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម