Connect with us

សេដ្ឋកិច្ច

កសិដ្ឋានគិរីសួគ៌ មានសមត្ថភាពផលិតទឹកដោះគោស្រស់បានជិត ២ម៉ឺនលីត្រ ក្នុងមួយថ្ងៃ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នមានសមត្ថភាពផលិតទឹកដោះគោស្រស់បានជិត ២ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ខណៈកសិដ្ឋានគ្រោងដាក់គោ ២០០ក្បាល បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទី កសិដ្ឋានគិរីសួគ៌ នៃក្រុមហ៊ុន Khmer Fresh Milk ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌អាចមានសមត្ថភាពផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ទីផ្សារបានប្រមាណ ១ម៉ឺន ៨ពាន់លីត្រ ក្នុងមួយថ្ងៃ។

លោកបន្តថា សម្រាប់ពេលបច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ក៏មានគោសរុបចំនួន ១ពាន់ ១រយក្បាល និងមានគោដែលអាចផលិតទឹកដោះបានចំនួនជិត ៦០០ក្បាលផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងបរិមាណទឹកគោស្រស់ចំនួនប៉ុននេះ លោក សៅ ណារ៉ុង បញ្ជាក់ដែរថា បរិមាណផ្គត់ផ្គង់ទឹកដោះគោស្រស់ក្នុងស្រុកនៅតែមានកម្រិតទាបខ្លាំង ប្រសិនបើធៀបនឹងការនាំចូលពីក្រៅប្រទេស។

ទោះជាយ៉ាងណា នាយកប្រតិបត្តិស្ដីទីរូបនេះ បានឱ្យដឹងទៀតដែរថា នៅក្នុងខែកក្កដានេះ កសិដ្ឋានគិរីសួគ៌ក៏នឹងគ្រោងដាក់គោតាមផែនការបន្ថែមទៀត ចំនួនជាង ២០០ក្បាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌​បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ​១១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ​ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កសិដ្ឋាន​គិរីសួគ៌មានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរ ប្រកបដោយបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ​ ហ្វាម កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម