ព័ត៌មានជាតិ
ក្រុមហ៊ុនមានផែនការនាំចេញស្វាយកែវរមៀតទៅកាន់ទីផ្សារកូរ៉េឲ្យបាន ១ ពាន់តោននៅដើមឆ្នាំនេះ
ក្រុមហ៊ុននាំចេញផលិតផលកសិកម្មកម្ពុជា ហ៊ីយ៉ាន់ដាយ អាក់ហ្គ្រោ (Hyundai Agro Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ពាន់តោន ទៅកាន់ទីផ្សារកូរ៉េ នៅដើមឆ្នាំ ២០២១នេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការចរចាយ៉ាងស្វិត ស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយនូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។

ទិន្នន័យរបស់ អគ្គនាយកដ្ឋានកសិកម្មកាល ពីពាក់កណ្តាលខែធ្នូឆ្នាំមុនបង្ហាញថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួនជាង១ សែនហិកតា (១២៤ ៣១៩) ផ្ទៃដីប្រមូលផលមានចំនួន ជាង៩ម៉ឺនហិកតា (៩១ ៣៩៨) ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោនក្នុងមួយរដូវ ដែលមានបរិមាណផលសរុបចំនួន ជាង១លានតោន (១ ៤៤៨ ៦៧៧)។
រយ:ពេល ០៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី០១ ខែកុម្ភ:) ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ផ្លែ ស្វាយស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ។
យោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់” គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។

នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឲ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។
បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យចាត់មន្រ្តីជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។
កាលពីថ្ងៃទី២០ ខែមករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន ០១តោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយខាងមុខនេះ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


