សេដ្ឋកិច្ច
កត្តាមួយចំនួននាំឲ្យទេសចរ ចិន មិនសូវទៅលេងកម្សាន្តនៅ ថៃ ដូចមុន
ថៃបានដាក់គោលដៅទាញយកកំណើនទេសចរជនជាតិចិនក្នុងបំណាច់ឆ្នាំនេះឲ្យបានជាង ៤.៤ លាននាក់ ប៉ុន្តែ គោលដៅនេះហាក់បីដូចជានៅឆ្ងាយបន្តិច ដោយនៅខ្វះចំនួន ១.៥ លាននាក់ទៀត ខណៈគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ថៃ ស្វាគមន៍ភ្ញៀវចិនបានត្រឹមតែ ២.៩ លាននាក់ប៉ុណ្ណោះ ។
ដើម្បីសម្រេចបានគោលដៅនេះ ថៃក៏បានព្យាយាមប្រើវិធីសាស្ត្រលើកលែងទិដ្ឋាការដល់ជនជាតិចិន ក៏ដូចជាចង់សហការជាមួយចិនដាក់ប៉ូលិសយាមល្បាតនៅតំបន់ទេសចរណ៍សំខាន់ៗក្នុងការបង្កើនទំនុកចិត្តទេសចរចិនឡើងវិញផងដែរ ប៉ុន្តែទោះយ៉ាងណា គោលដៅនេះមិនទាន់សម្រេចបាននៅឡើយទេ ដោយសារតែកត្តាមួយចំនួនដូចជា៖
កត្តាសុវត្ថិភាព៖
ចាប់តាំងពីបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដែលក្នុងនោះបានសម្លាប់ទេសចរជនជាតិចិនម្នាក់នាំឲ្យចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះ ៤ សប្តាហ៍ជាប់ៗគ្នា ។ ទន្ទឹមនឹងនេះ តាមរយៈការស្ទង់មតិលើបណ្តាញសង្គមចិន មានមនុស្សចំនួន ១៤,៤០០ នាក់ក្នុងចំណោម ២៥,៥០០ នាក់យល់ស្របថា ប្រទេសថៃមិនមានសុវត្តិភាពនោះទេ ខណៈ ៣,៥០០ នាក់ផ្សេងទៀតបានលុបចោលគម្រោងមកលេងថៃតែម្ដង ។
ភាពយន្តឧក្រិដ្ឋកម្ម៖
យោងតាមរយៈអ្នកជំនាញបានវិភាគថា ក្រៅពីការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក៏មានកត្តាមួយទៀតផងដែរ នោះគឺភាពយន្តបែបឧក្រិដ្ឋកម្មរបស់ចិន ក៏បានជះឥទ្ធិពលដល់ទេសចរណ៍ថៃផងដែរ ។
ភាពយន្ត No More Bets ជាប្រភេទរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស ឃុំឃាំងធ្វើទារុណកម្ម ទាក់ទងនឹងការចាប់ជំរិតតាមអនឡាញនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ។
បន្ទាប់ពីភាពយន្តនេះបានចេញផ្សាយធ្វើឲ្យកំណើនទេសចរចិនធ្លាក់ចុះជាលំដាប់ ពោលពីចំនួន ៤១ ម៉ឺននាក់ក្នុងកក្កដា មកនៅត្រឹមតែជាង ៣៥ ម៉ឺននាក់ក្នុងខែសីហា និងជាង ២៨ ម៉ឺននាក់ក្នុងខែកញ្ញា ។
កត្តាសេដ្ឋកិច្ចចិន និងជើងហោះហើរមានកំណត់៖
កត្តាសេដ្ឋកិច្ចចិន ក៏ជាផ្នែកមួយដែលរំខានដល់ការវិលត្រលប់មកលេងប្រទេសថៃផងដែរ ។ អ្នកវិភាគនិយាយថា ភាពយឺតយ៉ាវនៅក្នុងសេដ្ឋកិច្ចចិនបានកាត់បន្ថយការចំណាយរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅក្រៅទីក្រុងធំៗរបស់ចិន ។
ទន្ទឹមនោះ កំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទីពីររបស់ចិន គឺមានត្រឹម ៦.៣ ភាគរយប៉ុណ្ណោះ ពោលទាបជាងការរំពឹងទុក ។ ស្របពេលជាមួយគ្នានេះ ជើងហោះហើរអន្តរជាតិគឺមានកំណត់ ដែលបានប៉ះពាល់ដល់ការធ្វើដំណើរទៅក្រៅប្រទេស ខណៈបច្ចុប្បន្ន ការហោះហើរពីចិនទៅកាន់ថៃនៅតែមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅមុនសម័យកាលកូវីដ ។
ដោយឡែក តាមរយៈទិន្នន័យជើងហោះហើរតាមអ៊ីនធឺណិតរបស់ OAG បានឲ្យដឹងថា ក្នុងចំណោមទីផ្សារអន្តរជាតិកំពូលទាំង ២០ របស់ចិន មានតែប្រទេសថៃប៉ុណ្ណោះមានកំណើនតិចតួចបំផុតក្នុងខែនេះ ដោយមានត្រឹម ៥៧ ភាគរយ ប៉ុណ្ណោះ ពោលនៅកម្រិតក្រោមឆ្នាំ ២០១៩ ។
គួរឲ្យដឹងថា ក្នុងឆ្នាំនេះអាជ្ញាធរទេសចរណ៍ថៃ រំពឹងរកចំណូលបានជាង ៦១ ពាន់លានដុល្លារពីភ្ញៀវបរទេសគោលដៅចំនួន ២៨ លាននាក់ ខណៈចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ថៃទទួលបានទេសចរបរទេសជាង ២៣ លាននាក់ និងសរុបជាទឹកប្រាក់បានចំនួន ២៧ ពាន់លានដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


