រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តជាប់សមុទ្រទាំង ៤ មាន កោះកុង ព្រះសីហនុ កំពត កែប តាមសក្តានុពលនៃខេត្តនីមួយៗដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ខេត្តជាប់ឆ្នេរសមុទ្រទាំង ៤របស់កម្ពុជាត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» សុទ្ធតែមានលក្ខណៈពិសេសសម្រាប់ការវិនិយោគ និងអភិវឌ្ឍលើវិស័យទេសចរ។
តើខេត្តជាប់សមុទ្រទាំង ០៤ មានគោលដៅអភិវឌ្ឍបែបណា?
>ខេត្តកំពត
សំណង់ជំនាន់អាណានិគមបារាំងនៅក្រុងកំពត
ខេត្តកំពត រាជរដ្ឋាភិបាលសម្រេចអភិវឌ្ឍទៅជា “តំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍” ក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ក្រៅអំពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្ត ទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើម គឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើន ពិសេសសំណង់អគារដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំងដូចជា អគាររដ្ឋបាលខេត្ត តំបន់ផ្សារក្រណាត់ចាស់ និងសំណង់អគារតាមបណ្តោយព្រែកកំពត។
ទីកន្លែងទាំងនេះ គឺជាភាពទាក់ទាញពិសេសរបស់ក្រុងកំពត ដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទាំងការថែទាំ និងការអភិវឌ្ឍកែច្នៃបន្ថែម។
>ខេត្តកោះកុង
រង្វង់មូលខេត្តកោះកុង
ខេត្តកោះកុង រដ្ឋាភិបាលបានប្រសិទ្ធនាមជា “តំបន់អេកូទេសចរណ៍” ជាមួយភាពសំបូរបែបសក្តានុពលធម្មជាតិ ព្រៃភ្នំ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកម្សាន្តបែបផ្សងព្រេង។ មានភូមិសាស្ត្រនៅជាប់មាត់សមុទ្រ មានកោះ ៣៥ មិនទាន់អភិវឌ្ឍ និងមានធនធានធម្មជាតិចម្រុះសម្បូរបែបបានធ្វើឱ្យខេត្តកោះកុងទាក់ទាញបានគម្រោងវិនិយោគលើគ្រប់វិស័យជាបន្តបន្ទាប់។
ខេត្តកោះកុង គ្រោងអភិវឌ្ឍព្រលានយន្តហោះដល់ទៅពីរដែលបានប្រើប្រាស់ទុនវិនិយោគរាប់រយលានដុល្លារ។ បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានដំណើរការសាងសង់ គ្រោងដាក់ឲ្យដំណើរការហោះហើរសាកល្បងនៅចុងឆ្នាំនេះ។ រួមទាំងគម្រោងអភិវឌ្ឍព្រលានយន្តហោះមួយទៀត ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក។
>ខេត្តព្រះសីហនុ
តោពីរនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ក្លាយជា “តំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណង” ជាប៉ូលសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប មានផ្លូវគមនាគមន៍តភ្ជាប់រវាងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែកទៅកាន់រាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា និងទៅកាន់ទីផ្សារក្នុងតំបន់និងសកលលោក។
ជាមួយកំពង់ផែទឹកជ្រៅ រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ទ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានកាន់តែស្រស់ស្អាត រួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យប្រកបដោយចីរភាព ក្លាយជាទីក្រុងឆ្លាតវៃមុនគេ។
>ខេត្តកែប
ឆ្នេរខេត្តកែប
ខេត្តកែប នឹងប្រែក្លាយជា “តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់” ដែលមានការអភិវឌ្ឍទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
ថ្វីដ្បិតខេត្តកែបជាខេត្តតូចជាងគេមួយក៏ពិតមែន ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍មួយដែរ ពិសេសគុណភាពខ្យល់សមុទ្រ ហើយក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍មកស្នាក់កម្សាន្តនៅខេត្តដ៏តូចច្រលឹងមួយនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា