ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ចូលរួមអនុវត្តលក្ខខណ្ឌការងារ និងបរិស្ថាន ឱ្យបានល្អ ដើម្បីលើកកម្ពស់សុខសុវត្ថិភាពដល់កម្មករ-និយោជិត នៅកន្លែងធ្វើការ កាន់តែប្រសើរបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ មីនា នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា មានការធ្លាក់ចុះច្រើនអំពីការដួលសន្លប់នៅតាមរោងចក្រសហគ្រាស ព្រោះថាក្រសួងការងារបានខិតខំប្រឹងប្រែងណែនាំដល់និយោជកអ្នកគ្រប់គ្រងរោងចក្រសហគ្រាសឱ្យមានបរិយាកាសកន្លែងធ្វើការឱ្យបានទូលំទូលាយ មានខ្យល់ចេញចូល មានកង្ហារ ដើម្បីកាត់បន្ថយកម្តៅតាមរោងចក្រ ផ្តល់កន្លែងធ្វើការសមរម្យ ក៏ដូចជាទឹកសម្រាប់កម្មករ-និយោជិត បរិភោគ»។
លោកបានបន្តថា ជាមួយគ្នានេះដែរ ក្រសួង បានណែនាំដល់កម្មករ-និយោជិត ការពារខ្លួនក្នុងអាកាសធាតុក្តៅ ពេលធ្វើដំណើរតាមដងផ្លូវត្រូវពាក់មួកមានឆ័ត្រ ស្លៀកសំលៀកបំពាក់ស្របទៅតាមរដូវកាល និងបរិភោគទឹកឱ្យបានច្រើន បរិភោគអាហារមានវីតាមីនត្រឹមត្រូវឱ្យបានឆ្អែត ដើម្បីមានកម្លាំងធ្វើការ។ ក្រៅពីនេះ យើងបានសហការជាមួយសហជីព និងកម្មករ-និយោជិត ដើម្បីតាមដានការងារនេះបន្ថែមទៀត ងាយស្រួលក្នុងការធ្វើការកែលម្អបន្ទាន់ ដើម្បីការពារជាមុនកុំឱ្យមានបញ្ហាទើបមានដំណោះស្រាយ។

លោក កត្តា អ៊ន បានបន្ថែមថា ក្រុមការងារអធិការកិច្ចពេទ្យការងារ នឹងចុះពិនិត្យមើលរោងចក្រសហគ្រាសណាមិនអនុវត្តតាមការណែនាំក្រសួង ហើយឱ្យកែលម្អ និងដាក់កំហិត ប្រសិនបើមិនព្រមរាងចាល នឹងដាក់ពិន័យទៅតាមច្បាប់ ដើម្បីធានាថា កម្មករ-និយោជិត ទទួលបានបរិស្ថានល្អ មានលក្ខខណ្ឌការងារល្អនៅកន្លែងធ្វើការ។
លោក កត្តា អ៊ន បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ចូលរួមអនុវត្តលក្ខខណ្ឌការងារ និងបរិស្ថាន ឱ្យបានល្អ ដើម្បីលើកកម្ពស់សុខសុវត្ថិភាពដល់កម្មករ-និយោជិត នៅកន្លែងធ្វើការកាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ថ្មីៗ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ-និយោជិត សំដៅធានាបាននូវបរិយាកាសនៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់តាមសហគ្រាសគ្រឹះស្ថាន។
ការក្រើនរំលឹកនេះ ធ្វើឡើងដោយសារក្នុងរយៈពេលថ្មីៗ កន្លងមកនេះ ដោយសង្កេតឃើញមានករណីអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅតាម សហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និងប៉ះពាល់សុវត្ថិភាព និងសុខភាព ការងាររបស់កម្មករ-និយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


