សេដ្ឋកិច្ច
ថ្នាក់ដឹកនាំកម្ពុជា-ធនាគារពិភពលោក ឯកភាពពន្លឿនការអភិវឌ្ឍវិស័យសំខាន់ៗ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយកប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោក។

កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការទទួលបានសេវាទឹកស្អាត និងការធានានិរន្តរភាពនៃប្រភពទឹក គឺជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពជាតិ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់នៃការធ្វើពិពិធកម្មឧស្សាហកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យសម្របខ្លួនទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងការប្រកួតប្រជែងថ្មី។

លោកស្រី Meyer បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះការអភិវឌ្ឍនៅកម្ពុជា ដោយលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដូចជាកម្មវិធីវិភាគសុវត្ថិភាពទឹក និងវាយតម្លៃវិស័យទឹកស្អាត (WaterSAP) ដើម្បីបង្កើននិរន្តរភាពធនធាន និងគៀរគរការចូលរួមរបស់វិស័យឯកជនជាដើម។
លោកស្រីបានកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋាករទឹក និងបានបញ្ជាក់ការគាំទ្ររបស់ធនាគារពីភពលោកសម្រាប់គម្រោងបង្កើនប្រសិទ្ធភាពកម្មរដ្ឋាករទឹកក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី។
លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូអំពីផែនការក្នុងការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់អត្តសញ្ញាណដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគេមានលទ្ធភាពទទួលអត្ថប្រយោជន៍ ដូចជាការអភិវឌ្ឍជំនាញ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងរបបសន្តិសុខសង្គម។

លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាកម្មរបស់ខ្លួន រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
គណៈប្រតិភូធនាគារពិភពលោកបានស្វាគមន៍ឱកាសស្វែងយល់ និងតម្រង់ទិសធនធានរបស់ខ្លួនជាមួយនឹងការលើកកម្ពស់ផលិតភាព ដើម្បីគាំទ្រកំណើន ភាពធន់ និងនិរន្តរភាពរបស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សា ដើម្បីកែលម្អយុទ្ធសាស្ត្រ និងពន្លឿនការអភិវឌ្ឍក្នុងវិស័យសំខាន់ៗទាំងនេះ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


