ព័ត៌មានអន្ដរជាតិ
អតិរេកពាណិជ្ជកម្មចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើងជិត ១ ទ្រីលានដុល្លារខ្ពស់បំផុតក្នុង ប្រវត្តិសាស្រ្ត
អតិរេកពាណិជ្ជកម្មចិន បានកើនឡើងជិតដល់ ១ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ចំពេលដែលតម្រូវការក្រៅស្រុកកើនឡើង និងក្នុងបរិបទពាណិជ្ជកម្មមុនពេលលោក ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP)។
ទិន្នន័យគយចិន ដែលចេញផ្សាយកាលពីថ្ងៃចន្ទនេះ បានបង្ហាញថា ការនាំចេញក្នុងឆ្នាំ ២០២៤ មានប្រមាណ ៣,៥៨ ទ្រីលានដុល្លារអាមេរិក ដោយបានកើនឡើង ៥,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ មានប្រមាណ ២,៥៩ ទ្រីលានដុល្លារ ដោយកើនឡើង ១,១ ភាគរយ។ តួលេខនេះ បង្កើតបានជាអតិរេកពាណិជ្ជកម្មរហូតដល់ ៩៩២,១ ប៊ីលានដុល្លារ ដោយកើនឡើងយ៉ាងខ្ពស់ប្រមាណ ២១ ភាគរយ។
អ្នកជំនាញលើកឡើងថា អតិរេកពាណិជ្ជកម្មខ្ពស់របស់ចិន បណ្ដាលមកពីកំណើននៃការនាំចេញ ដែលប្រទេសនេះត្រូវពឹងផ្អែកដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងភាពស្រពិចស្រពិលដោយសារតែកម្សោយនៃតម្រូវការក្នុងស្រុក ដែលធ្វើឱ្យការនាំចូលមិនសូវជាលេចធ្លោ។

ការនាំចេញនោះទៀតសោត ក៏កើនឡើងផងដែរ នៅពេលក្រុមហ៊ុននាំចេញក្នុងស្រុកចិន ជំរុញការដឹកជញ្ជូនទំនិញរបស់ខ្លួន ដោយបារម្ភពីភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មឆ្នាំ ២០២៥ ក្រោមគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ដែលគ្រោងឡើងកាន់អំណាចនៅសប្ដាហ៍ក្រោយ។ អ្នកវិភាគមើលឃើញថា និន្នាការបែបនេះ បានកើតឡើងរួចម្ដងហើយ នៅពេលសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ផ្ទុះឡើងក្នុងអាណត្តិរបស់លោក ត្រាំ កាលពីលើកមុន។
ទិន្នន័យគយចិនបានបង្ហាញថា ការនាំចេញរបស់ចិនក្នុងខែធ្នូ បានកើនឡើង ១០,៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ៣៣៦ ប៊ីលានដុល្លារ ដោយវាលើសការព្យាករ ៧,៣ ភាគរយ និងកំណើន ៦,៧ ភាគរយ នៅខែវិច្ឆិកា។ ការនាំចេញទៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៤៩ ប៊ីលានដុល្លារនៅខែធ្នូ ខ្ពស់បំផុតក្នុងរយៈពេលជាង ២ ឆ្នាំ ហើយបង្កើតបានជាអតិរេកពាណិជ្ជកម្មជាង ៣៣ ប៊ីលានដុល្លារ ខណៈការនាំចេញរបស់ចិនទៅអាមេរិក មានចំនួន ៥២៥ ប៊ីលានដុល្លារ ទូទាំងឆ្នាំ ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីគយចិនបានលើកឡើងថា ចិនមិនបានដាក់គោលដៅសម្រាប់អតិរេកពាណិជ្ជកម្មនោះទេ ហើយថា អតិរេកពាណិជ្ជកម្មរបស់ខ្លួនកើតចេញពី «សក្ដានុពលនៃការផ្គត់ផ្គង់ និងតម្រូវការអន្តរជាតិ មុខងារនៃឧស្សាហកម្ម និងការប្រកួតប្រជែងទីផ្សារ»។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន China Daily៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


