Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលនឹងធ្វើការ​បោះផ្សាយលក់មូលបត្រររដ្ឋដើម្បីកៀរគរទុនប្រមាណ៦លានដុល្លារឆាប់ៗនេះ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើការបោះផ្សាយមូលបត្របំណុលនាពេលខាងមុខនេះដើម្បីកៀរគរទុនចំនួនជិត៦លានដុល្លារអាមេរិកនាដំណាក់កាលដំបូងក្នុងពេលឆាប់ៗនេះដើម្បីយកទុនទាំងនេះ​ទូទាត់បំណុលចាស់ដែលបានបោះផ្សាយមូលបត្របំណុលកន្លងមក​ឬការវិនិយោគសាធារណនានា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រ​កម្ពុជាកាលពីថ្ងៃទី៣០ ខែកមរា ក្រសួងនឹងបោះផ្សាយនូវមូលបត្រ​រដ្ឋសរុបចំនួន ២៤ ពាន់ឯកតាតាមរយៈ ធនាគារជាតិនៃកម្ពុជាដែលជាភ្នាក់ងារបោះផ្សាយ ជាមួយតម្លៃចារឹក ១លាន រៀលក្នុងមួយឯកតា ខណៈថ្លៃបោះផ្សាយគឺចន្លោះពី៩៩៥ ៦០៧ ដល់ ៩៩៨ ​០៤៤រៀលក្នុងឯកតា។ ការបោះផ្សាយនឺងនឹងមានរយៈពេល១ឆ្នាំ (២០២៥-២០២៦) ជាមួយអត្រាគូប៉ុង ២,៨០% ក្នុងមួយឆ្នាំ និង ចំនួនដងនៃការទូទាត់គូប៉ុងគឺនឹងធ្វើឡើង២ដង។

កាលពីថ្ងៃទី១៣ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានដាក់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋ​ចេញផ្សាយ ​ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។

លោក មាស​ សុខ​សេន​សាន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុធ្លាប់បានពន្យល់ថាតាម​ក្របខ័ណ្ឌ​គោលនយោបាយ មូល​ប​ត្រ​រដ្ឋ​អាច​ទិញ​បានតែ​នៅលើ​ទីផ្សារ​បឋម​តែប៉ុណ្ណោះ​ដែល​ភាគច្រើន​ទិញ​ដោយ​គ្រឹះ​​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​) និង​អង្គភាព​ស្រដៀងៗ​គ្នា​នេះ​ជាច្រើន​ទៀត​។​

​លោក សុខ​សេន​សាន បាន​ថ្លែងថា​៖«​វិនិយោគិន​ផ្សេងទៀត​រួមទាំង​សាធារណជន នឹង​អាច​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ​នៅលើ​ទីផ្សារ​បន្ទាប់ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុងតែ​ជំរុញឱ្យមាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​​

លោកបានឱ្យដឹងទៀតថា​៖ «​ការ​បោះផ្សាយ​នេះ គឺ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​វិ​និ​យោគ​ដែល​អាច​ផ្តល់​ចំណូល​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បី​ធានាបាន​ប្រ​សិទ្ធ​ភាព​នៃ​ការវិនិយោគ និង​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ថវិកាជាតិ​»​។​

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាប់ផ្តើម​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​តាំងពី​ឆ្នាំ​ ២០២២ ដោយបាន​ជ្រើសរើស​ថ្នាល​ជួញដូរ​អន​ឡាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBCP) ជា​ភ្នាក់ងារ​បោះផ្សាយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម