Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ចង់សហការជាមួយ​វៀតណាម លើថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេស​វៀតណាម លោក Olivier Brochet បាននិយាយថា ​បារាំងចង់សហការ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើ​វិស័យថាមពលនុយក្លេអ៊ែរ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត The Investor កាលពីថ្ងៃពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីបារាំង​រូប​នេះ​បាន​ឱ្យដឹង​ដូច្នេះ នៅពេល​ជួបប្រជុំជាមួយក្រុមហ៊ុនថាមពលរដ្ឋ  Vietnam Electricity (EVN)។ EVN និយាយ​ក្នុងសេចក្ដីថ្លែងការណ៍ថា​ លោក Olivier បានគូសបញ្ជាក់ពីបទពិសោធន៍យូរឆ្នាំរបស់​បារាំងក្នុងប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ​។

ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន​ EVN លោក Nguyen Anh Tuan បាននិយាយថា EVN ក្នុងនាមជាអ្នកវិនិយោគគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ​ Ninh Thuan 1 កំពុងដំណើរការនីតិវិធីពាក់ព័ន្ធ។ លោកបានបន្ថែមថា EVN វាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់​បារាំងក្នុងវិស័យនេះ ហើយព្យាយាមរៀនពីប្រទេសបារាំង។

គួរគូស​បញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បាន​បង្ហាញពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២នៅខេត្ត Ninh Thuan ភាគខាងត្បូង ក្នុងឆ្នាំ ២០០៥ ។ ៤ឆ្នាំក្រោយមក សភាវៀតណាម​បានអនុម័តផែនការនេះ ជាមួយនឹងការវិនិយោគដំបូងចំនួន 200 ប៊ីលានដុង (៧,៩ ប៊ីលាន​ដុល្លារ តាម​អត្រាប្ដូរប្រាក់នាពេលបច្ចុប្បន្ន)។ ​

យ៉ាងណា​មិញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦​ សភាបានសម្រេចផ្អាកគម្រោងដែល​មាន​សមត្ថភាព​ផលិតថាមពលអគ្គិសនី ៤ ០០០ មេហ្គាវ៉ាត់ មួយនេះ ​ដោយលើកឡើងពីហេតុផលសុវត្ថិភាព ថវិកា និងបច្ចេកវិទ្យា។ ប៉ុន្តែជាថ្មីម្ដង​ទៀត​ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលវៀតណាម​បានយល់ព្រមបន្តគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត​ Ninh Thuan ឡើងវិញ បន្ទាប់ពីការផ្អាករយៈពេល ៨ ឆ្នាំ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយ​ក្នុងសេចក្តីព្រាងវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) ថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម​ Ninh Thuan 1 អាចដំណើរការបានចាប់ពីឆ្នាំ ២០៣៥ លឿនបំផុត​។ ​

ក្រៅ​ពី​បារាំង គេឃើញ​មាន​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ឆន្ទៈ​សហការ​ជាមួយ​វៀតណាម​ក្នុង​វិស័យ​ថាមពល​នុយក្លេអ៊ែរ​ដូច​ជា​រុស្ស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម