Connect with us

សេដ្ឋកិច្ច

សណ្ឋាគារប្រណិត TUI BLUE លំដាប់ផ្កាយ ៥ របស់​អាល្លឺម៉ង់ បើកដំណើរការនៅកម្ពុជា

បានផុស

នៅ

សណ្ឋាគារប្រណិតលំដាប់ផ្ដាយប្រាំ TUI BLUE Hotels & Resorts របស់ប្រទេសអាលឺ្លម៉ង់ ស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ ត្រូវ​បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ ក្រោមវត្តមាន​លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត​ព្រះ​សី​ហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ TUI BLUE SIHANOUKVILLE ដែលមានទីតាំងស្ថិតនៅ​ចំកណ្តាលក្រុងព្រះសីហនុ មានកំពស់១៧ជាន់ និងមានបន្ទប់ជិត២០០បន្ទប់ រួមទាំងបំពាក់​បរិក្ខារ​ទំនើបៗ អាងហែលទឹក សាលប្រជុំ និងBall Room ជាដើម។

លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS បានលើកឡើងថា ការបើកដំណើរសណ្ឋាគារនេះ ជាការចាប់ផ្តើមគម្រោងដំបូង​លើគម្រោងវិនិយោគជាច្រើន​ទៀត​របស់ក្រុម​ហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែក​លើសក្តា​នុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា បន្ថែមជាមួយ​នឹងកិច្ចសហការ​គាំទ្រពី​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺគោលនយោបាយ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋា​ភិបាល​កម្ពុជាដែលបង្កើតជាដីដ៏មានជីវជាតិសំរាប់ការរីកលូតលាស់លើគ្រប់វិស័យ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ការបើកឱ្យដំណើរការសណ្ឋាគារបានចូលរួម​ចំណែក​ក្នុងការជំរុញ និងលើកកម្ពស់​​សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់​ទាញ​ ​និងរីក​ចម្រើន​​ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​លើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែង​អំណរគុណចំពោះការ​សម្រេចចិត្តដ៏ត្រឹម​ត្រូវរបស់​ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់​ដែលបានមកបណ្តាក់វិនិយោគលើវិស័យ​ទេសចរណ៍​នៅប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខ​សន្តិភាព​​ពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់​សាធារណៈល្អ ពិសេសគឺទទួល​បាននូវ​ការ​លើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុន​ TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍​ដ៏ធំ​របស់​ប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង​៤០០​កន្លែង​ដ៏ពេញ​និយម​ជុំវិញ​ពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បី​ច្រើនជាង១០ម៉ាក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម