Connect with us

សេដ្ឋកិច្ច

កម្ពុជាជំរុញវិនិយោគិនកូរ៉េមកបណ្តាក់ទុន ឱ្យកាន់តែច្រើន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀត​ ជាពិសេសក្នុងវិស័យមានសក្តានុពល ដែលមានវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិច​ត្រូនិក និងបច្ចេកវិទ្យាឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានលើកបែបនេះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025» ដែលមានវត្តមានលោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំកម្ពុជា។

លោកស្រី ​បានជំរុញឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

ជាមួយគ្នានេះ លោកស្រី រដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាស​ដល់វិស័យឯកជនទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-កូរ៉េសម្រេចបានជាង ៣៦២ លានដុល្លារ កើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញបាន ១២៤ លានដុល្លារ ធ្លាក់ចុះ ៣% ចំណែកឯកូរ៉េនាំចូលមកវិញ ២៣៨ លានដុល្លារ កើនឡើង ២០%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម